មហាជនច្បាស់ជាបានជ្រាបរួចមកហើយ អំពីទំនាក់ទំនងប្ដីប្រពន្ធអ្នកនាង ពេជ្រ សូលីកា ដោយកាលពីពេលថ្មីៗនេះពួកគេ ទើបតែបានប្រកាសចែកផ្លូវគ្នា ប្រែក្លាយចំណងប្ដីប្រពន្ធទៅមិត្តភ័ក្ដបន្តរាប់អានគ្នា និងខិតខំធ្វើជាឪពុកម្ដាយដ៏ល្អរបស់កូនប្រុស ដែលមានអាយុ១ឆ្នាំនោះ ។
បើទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសចែកផ្លូវគ្នារហូតមកដល់ពេលនេះ គេមិនដែលឃើញ ពេជ្រ សូលីកា បង្ហាញសកម្មភាពពិបាក់ចិត្តអ្វីនោះឡើយ ពោលគឺនៅលើបណ្ដាញសង្គមរបស់នាងមានតែការលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះ និងបំពេញការងារធម្មតារហូតធ្វើឱ្យមនុស្សមួយចំនួនគិតថា នាងជាស្ត្រីរឹងមាំម្នាក់ថែមទៀត ។ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា ក៏មិនបាននិយាយវ៉ែកញ៉ែកហែកហួររឿងគ្រួសារនៅលើបណ្ដាញសង្គមឡើយ ដោយរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន ។
ដោយឡែកនៅមុននេះបន្តិចអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា ស្រាប់តែបង្ហោះសំណេរ ដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ខណៈទំនងជាកំពុងមាននរណាម្នាក់តាមយារយីជីវិត ពោលគឺនាងអះអាងថា រាល់ថ្ងៃនេះនាងបានជ្រើសរើសផ្លូវស្ងាត់ស្ងៀមហើយ ដើម្បីរក្សាសុខ ប៉ុន្តែកុំឱ្យនាងអស់ការអត់ធ្មត់ ។ អ្នកមេម៉ាយ ពេជ្រ សូលីកា បាននិយាយថា «ខ្ញុំរើសផ្លូវស្ងាត់ហើយក៏តាមខ្ញុំដែរទៅ កុំបង្ខំខ្ញុំឱ្យអស់ការអត់ធ្មត់ខ្លាំងជាងនេះរស់មួយចំហៀងម្នាក់ហើយរកសុខដាក់ខ្លួនឱ្យច្រើនទៅ» ។
គេមិនដឹងថា ក្នុងន័យនេះ ពេជ្រ សូលីកា ចង់សំដៅលើអតីតស្វាមី ឬនរណាផ្សេងឡើយ ប៉ុន្តែក្រោយឃើញបែបនេះអ្នកគាំទ្រជាច្រើន បានចូលរួមបញ្ចេញមតិក្នុងន័យការពារ និងលើកទឹកចិត្តដល់អ្នកមេម៉ាយរូបនេះ ។ ដោយក្រុមអ្នកគាំទ្របានលើកឡើងថា «មនុស្សស្រីខ្លះគឺបែបនេះ ទម្រាំនាងដើរចេញពីកន្លែងណាមួយ ឬបោះបង់អ្វីមួយនាងបានព្យាយាមអស់ពីសមត្ថភាពហើយ នាងក៏យំឆ្អែតហើយដែរមុននឹងនាងសម្រេចចិត្តធ្វើបែបនេះ ប៉ុន្តែត្រូវចាំណាបើនាងដើរចេញហើយនាងនឹងមិនស្ដាយក្រោយអ្វីទាំងអស់» ។
គួរបញ្ជាក់ថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីម្នាក់ដែលតែងតែបង្ហាញពីភាពរឹងមាំ បើទោះជាកន្លងនាងធ្លាប់ជួបព្យុះភ្លៀងជាច្រើនក៏ដោយ ។ ជាក់ស្ដែងថ្មីៗនេះ ពេជ្រ សូលីកា បានក្លាយជាស្ត្រីមេម៉ាយជាលើកទីពីរ បន្ទាប់ពីបែកបាក់ពីអតីតគូដណ្ដឹងគឺលោក គីម ហាន ខណៈរួមរស់ជាមួយគ្នាអស់រយៈពេលជិត៣ឆ្នាំ និងបន្សល់បានកូនប្រុសម្នាក់ ។
បើទោះជាយ៉ាងណា តារាចម្រៀងស្រីរបស់ហង្សហង្សមាសរូបនេះមិនដែលត្អូញត្អែរពីជីវិត ឬយករឿងគ្រួសារហែកហួរនៅលើបណ្ដាញសង្គមឡើយ ក៏ជាហេតុធ្វើឱ្យអ្នកគាំទ្រកាន់តែស្រលាញ់ចូលចិត្ត និងតែងតែចូលរួមលើកទឹកចិត្តដល់រូបនេះផងដែរ ៕