ក្រោយកើតមានបញ្ហាចម្រូងចម្រាស់យ៉ាងវក់វីច្របូកច្របល់ តារាភាពយន្តអាមេរិកលោក Ezra Millerដែលសម្តែងជាតួអង្គវីរបុរសThe Flash និយាយថាលោកស្វែងរកការព្យាបាលបញ្ហាសុខភាពស្មារតី។
តារាភាពយន្តរូបនេះបានបញ្ចប់ភាពស្ងប់ស្ងាត់ លើបញ្ហាអាកប្បករិយាដ៏មានបញ្ហារបស់ខ្លួនដែលកើតឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានចេញការសុំទោសដល់ការប្រព្រឹត្តិកន្លងទៅរបស់ខ្លួនផងដែរ។
តារាភាពយន្ត Millers និយាយជាមួយសារព័ត៌មាន Varietyថា«ឆ្លងកាត់វិបត្តិដ៏តឹងតែងនៅរយៈចុងក្រោយនេះ ឥឡូវខ្ញុំយល់ថា ខ្ញុំមានបញ្ហាសុខភាពស្មារតីហើយត្រូវស្វែងរកការព្យាបាល» ។
«ខ្ញុំចង់សុំទោសទៅអ្នកគ្រប់គ្នាដែលខ្ញុំបានបង្កបញ្ហា ធ្វើអោយមិនសប្បាយចិត្ត ដោយសារអាកប្បកិរិយានាពេលកន្លងមករបស់ខ្ញុំ។ ខ្ញុំត្រូវធ្វើការងារចាំបាច់ដើម្បីអោយសុខភាពស្មារតីរបស់ខ្ញុំវិលត្រលប់មកប្រក្រតីមានសុខភាពល្អឡើងវិញ មានសុវត្ថិភាព និងសកម្មនៅក្នុងជីវិត»។ តារាភាពយន្ត Millers បន្ថែម។
តារាភាពយន្តអាមេរិកលោក Ezra Miller កើតនៅខែកញ្ញាឆ្នាំ១៩៩២ បានសម្តែងជាតួអង្គ Barry Allen ឬ The Flash នៅក្នុងរឿង Justice League ។ ប៉ុន្តែការសម្តែងជាតួអង្គវីរបុរសត្រូវបាំងបិទដោយស្រមោលមិនល្អនៅក្រៅការសម្តែង។
តារាភាពយន្តអាមេរិកលោក Ezra Millerដែលសម្តែងជាតួអង្គវីរបុរសThe Flash នៅរយៈចុងក្រោយនេះ ត្រូវចោទប្រកាន់ទោសបទឧក្រិដ្ឋដោយសារបានលួចស្រា ដែលករណីនេះបានកើតឡើងនៅរដ្ឋVermont នៃសហរដ្ឋអាមេរិក។ នៅឆ្នាំនេះ Ezra Miller ត្រូវប៉ូលីសចាប់ខ្លួនជាច្រើនដងនៅរដ្ឋHawaii ។ នៅមុននេះទៅទៀតនៅឆ្នាំ២០២០តួអង្គវីរបុរសThe Flashបានច្របាច់កស្រីម្នាក់នៅក្រៅក្លឹបកំសាន្ត។