តារាស្រីថៃល្បីឈ្មោះនាងPinky ដែលមានឈ្មោះដើមពេញថា នាង Savika Chaiyadej ប្រឈមនឹងជាប់ទោសពន្ធនាគារដល់ទៅ២០ឆ្នាំ ពីបទឆបោកក្នុងគម្រោង Forex-3D ដែលមានជនរងគ្រោះដល់ទៅច្រើនជាង១៤,០០០នាក់។
ក្រុមគ្រួសារតារាស្រីថៃល្បីឈ្មោះនាង Savika Chaiyadej ឬនាង “Pinky” មានរូបនាង និងអ្នកម្តាយរបស់នាងគឺលោកស្រី Sarinya Chaiyadej ហើយនិងបងប្រុសរបស់នាងលោក Surayuth Chaiydej ពួកគេទាំង៣នាក់ មកដល់ពេលឥឡូវនៅតែជាប់ឃុំខ្លួន គ្មានការអនុញាតិអោយធានាខ្លួនក្រៅឃុំឡើយ ដោយរង់ចាំសវនាការកាត់ទោស។
នៅប្រទេសថៃ បទល្មើសឆបោកប្រឈមនិងទោសជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំសម្រាប់ជនរងគ្រោះម្នាក់ ដែលនេះនាំអោយមានការលើកឡើងក្នុងបណ្តាញសង្គមរបស់ប្រទេសថៃថា តារាស្រីនាង Pinky អាចប្រឈមនឹងទោសជាប់ពន្ធនាគារដល់ទៅ50,000ឆ្នាំ ប្រសិនបើរកឃើញថានាងមានកំហុសក្នុងករណីឆបោក។ ប៉ុន្តែច្បាប់ប្រទេសថៃ បានកំណត់ថា ជនបោកប្រាស់ជាប់ទោសពន្ធនាគារច្រើនបំផុតត្រឹម២០ឆ្នាំ មិនចំពោះថា ជនរងគ្រោះមានចំនួនប៉ុន្មានក៏ដោយ។
រឿងផ្ទុះល្បីនៅប្រទេសថៃនាពេលថ្មីៗ គឺតារាស្រីល្បីឈ្មោះក្នុងពិភពសិល្បៈថៃនាង Pinky រួមទាំងក្រុមគ្រួសាររបស់នាង មានលោកស្រី Sarinya ជាម្តាយ និងលោក Sarayuth ជាបងប្រុស ត្រូវចោទប្រកាន់ទោសល្មើសនិងច្បាប់ឧក្រិដ្ឋកម្មកំព្យូទ័រសម្រាប់ការវិនិយោគរបស់ពួកគេក្នុងគម្រោងបោកប្រាស់ Forex-3D។
តាមគម្រោងបោកប្រាស់លុយនេះ ពួកគេត្រូវបញ្ចុះបញ្ចូលមនុស្សទាំងឡាយអោយដាក់លុយវិនិយោគតាមគេហទំព័រ«forex-3d.com» ដោយអះអាងថាអ្នកដែលបានដាក់លុយវិនិយោគនឹងទទួលបានប្រាក់ចំណេញ៦០ភាគរយ ទៅ៨០ភាគរយពីការវិនិយោគលុយរបស់ពួកគេ។ ប៉ុន្តែនៅពេលអ្នកទាំងនោះដាក់ប្រាក់វិនិយោគ ពួកគេមិនទទួលបានប្រាក់ចំណេញទៅតាមការសន្យាឡើយ។ អាជ្ញាធរថៃអោយដឹងថា មនុស្ស១៤ ០០០នាក់ បានផុងខ្លួនធ្លាក់ក្នុងគម្រោងបោកប្រាស់លុយនេះ ដែលមានទឹកប្រាក់សរុបគឺ១,៩ពាន់លានបាត ឬស្មើនិងជាង៥៣លានដុល្លារ។
តារាស្រីថៃល្បីឈ្មោះ នាង Savika Chaiyadej ឬនាង “Pinky” ប្រឡូកក្នុងពិភពសិល្បៈថៃតាំងពីនាងនៅកុមារភាព។ នាងធ្លាប់សម្តែងជាតួអង្គនាងផ្កាយព្រឹកកាលពីនៅវ័យក្មេង។ នៅពេលនាងពេញវ័យរៀបការ នាងក៏បានរៀបការជាមួយ មហាសេដ្ឋីលំដាប់ប្រទេស លោក Petch Itti Chawalittamrong កាលពីឆ្នាំ ២០១៤ ក្នុងពិធីរៀបការដ៏ធំដុំអធិកអធិមកក្រើកប្រទេសថៃចំណាយអស់ប្រាក់ជាង៩លានដុល្លារ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិននឹកស្មានដល់ គឺ តារាស្រីរូបនេះនិងស្វាមីបែរជាសម្រេចចិត្តលែងលះគ្នា ក្រោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ។ មូលហេតុដែលអ្នកទាំងពីរលែងលះគ្នា គឺដោយសារតែហេតុផលជាច្រើន ទើបទ្រាំរស់នៅជាមួយគ្នាមិនបាន។ តារាស្រីរូបនេះបានបន្ថែមទៀតថា ពួកគេពិតជាមិនអាចបន្តកាន់ដៃគ្នា ដើម្បីឆ្លងកាត់ឧបសគ្គទៀតទេ។ ក្រោយមក Pinky ក៏បានវិលចូលវិស័យសិល្បៈវិញ។ រលកជីវិតបន្តមក បាននាំ “Pinky” តារាស្រីកើតឆ្នាំ1986រូបនេះ ទៅដល់ទីមួយដែលនាងត្រូវប្រឈមនិងទោសទណ្ឌពន្ធនាគាររកថាមិនត្រូវហៅមិនលឺ៕