តារាចម្រៀងស្រីអាមេរិកវ័យក្មេងស្រស់ស្អាតមានឈ្មោះល្បីនាង Billie Eilish បានសម្តែងនៅលើឆាកប្រគំតន្ត្រីចំពោះមុខក្រុមអ្នកគាំទ្រយ៉ាងរំជើបរំជួលដល់ទៅ៣០,០០០នាក់(៣ម៉ឺននាក់) នៅពហុកីឡាដ្ឋានជាតិប្រទេសសឹង្ហបុរី នៅយប់ថ្ងៃទី២១សីហា។
អំឡុងពេលច្រៀងបទ Halley’s Comet តារាចម្រៀងអាមេរិកនាងBillie អាយុ២០ឆ្នាំ បានស្រែកហៅ «សន្តិសុខ»។ ហើយរឿងនេះក៏ត្រូវក្រុមអ្នកគាំទ្រដែលប្រើបណ្តាញTikTok លើកយកមកសួរអ្នកផ្សេងទៀតក្នុងបណ្តាញអនឡាញនេះ ថា ហេតុអ្វីបានជា Billie ស្រែក«សន្តិសុខ» ។ អ្នកប្រើបណ្តាញTikTok ផ្សេងទៀតតបថា ដោយសារមានអ្នកទៅមើលតន្ត្រីដួលសន្លប់ ព្រោះមនុស្សច្រើនគ្មានចន្លោះចំហរដែលអាចដកដង្ហើមបានងាយស្រួល។ និងមានចម្លើយបន្តមកថា «មានអ្នកទៅមើលតន្ត្រីខ្លះទៅរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានទៅជិតឆាក នៅក្នុងប្លុកឈរ។ ប៉ុន្តែដោយសារអាកាសធាតុក្តៅ ដូច្នេះប្រហែលជាពួកគេ ដួលសន្លប់ដោយសារត្រូវកំដៅយូរពីពេលថ្ងៃ»។
តារាចម្រៀងស្រីអាមេរិកវ័យក្មេងនិងមានឈ្មោះល្បីនាង Billie Eilish កាលពីពេលកន្លងទៅ ទទួលបានការលើកសរសើរថា នាងបានផ្អាកការប្រគំតន្រ្តីបណ្តោះអាសន្ន ដើម្បីមើលសុខភាពអ្នកទៅទស្សនាការប្រគំតន្ត្រី និងបានផ្តល់ទឹកអោយអ្នកទាំងនោះ។ នាងថែមទាំងបានឱ្យសន្តិសុខទៅយកឧបករណ៍ដកដង្ហើមជួយអ្នកគាំទ្រនៅឯកម្មវិធីប្រគំតន្ត្រីមួយរបស់នាងនៅរដ្ឋAtlanta សហរដ្ឋអាមេរិកថែមទៀតផង។
ជាមួយគ្នា ក៏មានអ្នកទៅទស្សនាការប្រគំតន្រ្តីម្នាក់ទៀតបានប្រើប្រាស់បណ្តាញសង្គម TikTok មកចែករំលែកការសោកស្តាយរបស់នាងថា «នាងពិបាកមើលឃើញឆាកប្រគំតន្ត្រី»។ នាងរៀបរាប់ថា នាងពិតជាខូចចិត្តណាស់ពេលនាងត្រលប់ទៅផ្ទះវិញ។ នាងបានដឹងហើយថាឆាកប្រគំតន្ត្រីនឹងស្ថិតនៅឆ្ងាយព្រោះនាងទិញសំបុត្រប្លុកចុងក្រោយទី៧ ដែលមានតម្លៃ១៣០ដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ក៏មានអ្នកចែករំលែកបទពិសោធន៍វិជ្ជមានរបស់ខ្លួនថា ពិបាកបន្តិចបើទាមទារប្រសើរជាងនេះ ព្រោះនេះជាការប្រគំតន្ត្រីជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំដែលខកខានដោយសារជំងឺឆ្លងកូវីដ១៩៕