កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រោយបេក្ខនារីពីររូបបានយករូបល្បែងស៊ីសងនៅកាស៊ីណូច្នៃចេញជាម៉ូតតំណាងឱ្យខេត្តក្រុងនៅក្នុងការប្រកួត និងបង្ហាញនៅមុខផ្ទាំងប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ ។
បេក្ខនារីទាំងពីរូបនោះត្រូវបានគេស្គាល់ថា កញ្ញា ជន់ ស្រីឡី ជាបេក្ខនារីតំណាងឱ្យក្រុងបាវិត ខេត្តស្វាយរៀង និងកញ្ញា យី ស្រីពៅ ជាបេក្ខនារីតំណាងឱ្យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរបានជ្រើសរើសរូបល្បែងស៊ីសងមាន បៀ អាប៉ោង យកមកបង្ហាញនៅលើឆាកកម្មវិធីលំដាប់អត្តរជាតិមួយនេះ ពិសេសបង្ហាញនៅមុខផ្ទាំងប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរមានតែមួយគត់នៅលើពិភពលោក ជាហេតុធ្វើឱ្យមានការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ខណៈក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានលើកឡើងថា នេះជាទង្វើមួយដ៏អាម៉ាស និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ប្រជាជនខ្មែរ ។
ជាក់ស្ដែងស្វាមីរបស់តារាសម្ដែង នៅ សូនីតា លោក ទិត្យ ថាវរិទ្ធ ជាមន្ត្រីជាន់ខ្ពស់បម្រេីការងារនៅក្រសួងវប្បធម៌ផងនោះ នៅមុននេះបន្តិចក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនផងដែរ ។ លោក ទិត្យ ថាវរិទ្ធ បាននិយាយថា «រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្មអោយល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថាគំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់ កុំថាឡើយយករូបភាពនេះតំណាងឱ្យតំបន់ ។ ក្រៅពីលោក ទិត្យ ថាវរិទ្ធ ក៏មានសិល្បករមួយចំនួនទៀតបានសម្ដែងនូវមិនពេញចិត្ត និងបានទទូចសុំឱ្យក្រសួងពាក់ព័ន្ធត្រួតពិនិត្យទៅលើស្ថាប័នមួយនេះថែមទៀតផង ។
បើទោះជាយ៉ាងណាជុំវិញករណីខាងលើនេះនៅមិនទាន់មានការបកស្រាយពីអ្នកពាក់ព័ន្ធ ឬគណៈគ្រប់គ្រងរបស់កម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន នោះទេ ខណៈ ដែល តារាញូស៍ ក៏មិនអាចសុំការបញ្ជាក់បាននៅឡើយ ។
សូមបញ្ជាក់ថា កម្មវិធី Miss Grand Cambodia គឺជាកម្មវិធីប្រកួតសម្រស់មួយដែលបានចម្រាញ់យកបេក្ខនារីតែម្នាក់គត់ ដែលមានរូបសម្រស់ស្រស់ស្អាត និងមានចំណេះដឹងខ្ពស់សមរម្យ ដើម្បីក្លាយជាបេក្ខបេក្ខនារីតំណាងជាតិ និងចេញទៅប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងលើឆាកអន្តរជាតិ ។ ជាកត់សម្គាល់ Miss Grand Cambodia តែងតែនាំយកវប្បធម៌ និងអរិយ៍ធម៌ខ្មែរជាច្រើនទៅបង្ហាញនៅឆាកលេីឆាកអន្តរជាតិផងដែរនាពេលកន្លងមក។
បើទោះជាយ៉ាងណាយប់មិញនេះ កម្មវិធីប្រកួតសម្រស់មួយនេះត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយយកល្បែងស៊ីសងនៅកាស៊ីណូធ្វើជានិមិត្តរូបតំណាងខេត្តក្រុង និងយកទៅបង្ហាញមុខផ្ទាំងប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ ដោយមតិភាគច្រេីនយល់ថា មិនគួរបញ្ចូលល្បែងស៊ីសងដែលផ្ទុយនឹងច្បាប់រដ្ឋមកបង្ហាញបែបនេះទេ ៕