សួស វីហ្សា បារម្ភខ្លាំងក្រោយបញ្ហាបំពង់កអូសបន្លាយពេលយូរ

អ្នកគាំទ្រតារាចម្រៀង សួស វីហ្សា មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីតារាស្រីរូបនេះ ប្រកាសពីបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលអូសបន្លាយជិត១ឆ្នាំទៅហើយតែមិនទាន់ជាសះស្បើយ ។ បញ្ហានេះបានធ្វើឱ្យនាងត្រូវផ្អាកនិយាយខ្លាំង និងជាពិសេសខកខានលើអាជីពយ៉ាងយូរ ។

តារាចម្រៀង សួស វីហ្សា បានប្រាប់ទៅកាន់អ្នកគាំទ្រថា នាងចាប់ផ្តើមមានសំឡេងស្អក និយាយចេញតែខ្យល់ បាត់សំឡេងដើម ដោយសារនាងបានប្រើបា្រស់សំឡេងជ្រុលរហូតខូចបំពង់សំឡេង ហើយគ្រូពេទ្យណែនាំឱ្យផ្អាកនិយាយខ្លាំង និងច្រៀងជាបន្ទាន់ដើម្បីថែសុខភាពបំពង់កនេះឱ្យបានដូចដើមឡើងវិញ ។ ប៉ុន្តែរយៈពេលជិត១មួយហើយ បញ្ហាបំពង់ករបស់ សួស វីហ្សា នៅមិនទាន់បានជាសះស្បើយនៅឡើយ ជាហេតុធ្វើឱ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ជាក់ស្ដែងថ្មីៗនេះម្ចាស់បទ វាសនាបុប្ផាស្វាយរៀង សួស វីហ្សា បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង និងត្រូវឡើងទៅប្រទេសថៃយ៉ាងតក់ក្រហល់ ។ សួស វីហ្សា បានសុំពាក្យជូនពរពីអ្នកគាំទ្រ និងបាននិយាយថា ដោយសារតែនាងគិតថា ជារឿងលេងសើច គិតថាមិនអីៗ តែមកទល់ពេលនេះបំពង់សំឡេងរបស់នាងមានបញ្ហាមិនទាន់ជាដូចដើមវិញឡើយ ហើយក៏ត្រូវហោះទៅថៃជួបពេទ្យទៀតដែរ ។

តារាចម្រៀងរូបនេះនិយយថា «ទុកជារឿងលេងសើច គិតថាមិនអីៗ តែមកទល់ពេលនេះបំពង់សំលេងខ្ញុំមានបញ្ហាជិតមួយឆ្នាំហើយមិនទាន់ជាដូចដើម១០០%វិញទេ ស្អែកត្រូវហោះទៅថៃជួបពេទ្យទៀតហើយ សុំពាក្យជូនពរផងបានទេ» ។ យ៉ាងណា សួស វីហ្សា បានទៅដល់ប្រទេសថៃ និងជួបគ្រូពេទ្យនៅថ្ងៃនេះហើយ តែលទ្ធផលយ៉ាងណានាងមិនទាន់បានបញ្ជាក់នៅឡើយទេ ។

គួរបញ្ជាក់ថា តារាចម្រៀង សួស វីហ្សា មានបញ្ហាបំពង់កនេះ មានរយៈពេលជិតមួយឆ្នាំមកហើយ ពោលគឺចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ ហើយមកដល់ពេលនេះ បំពង់សំឡេងរបស់តារាចម្រៀង និងអ្នកជំនួញរូបនេះនៅមិនទាន់មានភាពធួស្រាលនៅឡើយ ទើបធ្វើឱ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងត្រូវទៅព្យាបាលនៅប្រទេសថៃជាថ្មីម្ដងទៀត ។

បើទោះជាយ៉ាងណាអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកគាំទ្ររបស់ សួស វីហ្សា ជាច្រើនបានព្យាយាមលើកទឹកចិត្ត និងគេរំពឹងថា តារាស្រីរូបនេះនឹងជាសះស្បើយក្នុងពេលឆាប់ៗ ខណៈដែលសាមីខ្លួនក៏ជឿជាក់ថា នាងនឹងអាចដូចដើមនាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *