ផលិតកម្មមហាហង្ស សម្រេចបញ្ចេញខ្សែភាពយន្ដលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៣ ក្រោយខកខានដោយសារវិបត្ដិជំងឺកូវីដ-១៩អូសបន្លាយជាង២ឆ្នាំ ។
ខ្សែភាពយន្ដដំបូងដែលផលិតមហាហង្សសម្រេចដាក់បញ្ចាំងជាលើកដំបូងនៅដើមឆ្នាំថ្មីនេះ គឺខ្សែភាពបែបភ័យរន្ធត់ដែលមានចំណងជើងថា «កៅអីចុងក្រោយ» ហើយក៏ជាខ្សែភាពយន្ដមួយក្នុងចំណោមរឿង៥ផ្សេងទៀត ដែលផលិតកម្មថតចប់តាំងពីឆ្នាំ២០១៩ ។
តាមរយៈផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសម្ពោធខ្សែភាពយន្ដរឿង «កៅអីចុងក្រោយ» កាលពីល្ងាចថ្ងៃទី២ ខែមករាម្សិលមិញនេះ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានលើកឡើងថា គ្រប់រឿងដែលផលិតកម្មធ្វើឡើង គឺតម្រូវទាំងទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ហើយចំពោះរឿង «កៅអីចុងក្រោយ» ដែលមានឈុតឆាកភ័យរន្ធត់កង្កប់ដោយភាពកំប្លុកកំប្លែងនេះ គឺលោកមើលឃើញថាត្រូវនឹងទីផ្សារក្នុងស្រុកច្រើនជាង ។
លោក អ៊ិន សុភិន និយាយថា «ចាប់ពីខែពីរទៅ យើងចាប់ផ្ដើមផលិតរឿងថ្មីទៀតហើយ អីចឹងដល់ពេលយើងចាប់រឿងទាំងនេះអស់ យើងមានរឿងថ្មីៗជាបន្ដបន្ទាប់ ។ សម្រាប់រឿងក្រោយៗ ធានាកាន់តែល្អមើលជាងនេះទៀត ព្រោះយើងដាក់ទុនច្រើន ហើយតួសុទ្ធតែល្បីៗទៀត» ។
ដំណាលគ្នានោះតារាសម្ដែងលោក ហេង នរៈកក្កដា និងអ្នកនាង ភិន សុដាលីស ដែលជាតួអង្គសម្ដែងក្នុងរឿង «កៅអីចុងក្រោយ» ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងក្ដីរំពឹងថា ស្នាដៃមួយនេះនឹងមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ជាពិសេសអ្នកដែលចូលចិត្តភាពយន្ដបែបភ័យរន្ធត់ និងកំប្លែង ។ តួសម្ដែងទាំងពីរដួងនេះបានលើកឡើងថា រឿង «កៅអីចុងក្រោយ» គឺជាភាពយន្ដមួយដែលមានផលលំបាកយ៉ាងខ្លាំងអំឡុងពេលថត ពោលគឺដើម្បីសម្រិតសម្រាំងឱ្យបាននូវគុណភាពនៃសាច់រឿង ។
សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង «កៅអីចុងក្រោយ» នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ តទៅ ។ ក្នុងឱកាសសម្ពោធរឿងនេះកាលពីយប់មិញ នៅផ្សារទំនើប TK គេក៏ឃើញវត្ដមានតារាសម្ដែងល្បីៗជាច្រើនដូចជា កញ្ញា សីសី អ្នកនាង ឈឹម អារីយ៉ា កញ្ញា ភិន សុដាលីស ព្រមទាំងអតីតបវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ជាច្រើនរូបទៀតផង ៕