ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆន:របស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។
ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើនដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។ ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្តែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។ ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ “លោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទះ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។ គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទះនេះដូចទៅនឹងឆន្ទះរបស់វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង។” លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។
វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕