ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣៖ លោក ពេជ្រ ចិត្រា ជាផលិតករកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនដាវីត្រាគ្រុបដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ កោះស្លាកែតស្ទូឌីយោ (Koh Slaket Studios) សណ្ឋាគារប៊ូទិកកំពតរីវើអុីន(Kampot RiverInn Boutique Hotel) ហាងកាហ្វេដឺហ្សរ (The Shore Café) ផលិតកម្មចំរៀងដាវីត្រា មេឌៀរ (Davitra Media) នាំចូលផ្ដាច់មុខស្រាក្រហមផេនវ៉ាញ(PengWine) ទូតសុច្ឆន្ទៈអាហារបំប៉ន ហ្សែលវី(Zell-V)។ ហើយកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» នាំមកជូនដោយក្រុមហ៊ុនឆ្នោតមហាសំណាង ប្រតិបត្តិករឆ្នោត ផ្សងសំណាងស្របច្បាប់ឈានមុខគេនៅកម្ពុជា។
លោក ពេជ្រ ចិត្រា បានលើកឡើងថា៖ «គោលបំណងចម្បងនៃកម្មវិធី «គូព្រេងព្រឹទ្ធ The Priceless Memories » គឺធ្វើឡើងដើម្បីលើកទឹកចិត្ត និងបណ្តុះគំនិតឲ្យមានការទទួលស្គាល់នូវរាល់ទង្វើល្អក្នុងសង្គម ហើយជាពិសេសគឺលើកកម្ពស់នូវទង្វើល្អក្នុងការទំនាក់ទំនងរវាងប្តី និងប្រពន្ធ ព្រមទាំងក្រុមគ្រួសារឲ្យចេះយោគយល់អធ្យាស្រ័យគ្នា ចេះស្រឡាញ់គ្នា គោរពគ្នាឲ្យតម្លៃគ្នា ចេះអត់អោនឲ្យគ្នា ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងរៀងៗខ្លួនប្រកបដោយសេចក្ដីសុខសុភមង្គល»។
លោក ពេជ្រ ចិត្រា គូសបញ្ចាក់បន្ថែមទៀតថា ក្នុងកម្មវិធី គូព្រេងព្រឹទ្ធនេះ គូស្វាមីភរិយាត្រូវបានគណៈកម្មការរៀបចំកម្មវិធីផ្ដល់ជូនកាដូឥតគិតថ្លៃមួយកញ្ចប់ សម្រាប់ធ្វើដំណើរកំសាន្ត សប្បាយៗជាលក្ខណៈ វី អាយ ភី (VIP) ចំនួន៣យប់ ៤ថ្ងៃដែលជាវគ្គមួយក្នុងកម្មវិធីគូព្រេងព្រឹទ្ធ។ ជាលទ្ធផលបន្ទាប់ពីដំណើរកំសាន្តរយៈពេល៣យប់ ៤ថ្ងៃនេះ គូស្វាមីភរិយាដែលបាន ចូលរួមក្នុងដំណើរកំសាន្តនេះ បានទទួលនូវដំណោះស្រាយដ៏ជ្រះស្រឡះរាល់ចំណុចខ្វះខាត មួយចំនួន និងជម្រះនូវមន្ទឹលសង្ស័យបង្កប់ទុក ដែលគូស្វាមីភរិយាទាំងសងខាងមិនបានមើលឃើញក្នុងជីវិតអាពាហ៍ពិពាហ៍ជាយូរមកហើយ។
សម្រាប់កម្មវិធីនេះ គូស្វាមីភរិយានីមួយៗមានឱកាសក្នុងការរៀនសូត្រពីចំណុចល្អនិងពិសេសៗ ពីគូស្វាមីភរិយាដទៃផ្សេងទៀត ដើម្បីមកបំពេញបន្ថែមនូវចំណុះខ្វះខាតរបស់ពួកគាត់។ សរុបជារួម ដំណើរកំសាន្តគូព្រេងព្រឹទ្ធនេះ បានបង្កើតនូវអនុស្សាវរីយ៍រួមគ្នាបន្ថែមជាច្រើនដែលនាំឲ្យគូស្វាមីភរិយារបស់គាត់កាន់តែស្រលាញ់គ្នាផ្អែមល្ហែម ស្និទ្ធស្នាលជាងមុន ចេះលើកលែងនិងទទួលស្គាល់នូវកំហុស ហ៊ាននិយាយពាក្យសុំទោស មិនចង់ឈ្នះចាញ់គ្នា ចេះអត់ធ្មត់កាន់តែខ្លាំង ហ៊ាននិយាយពាក្យថាស្រលាញ់ និងហ៊ានបញ្ចេញក្ដីស្រលាញ់ពិតពីបេះដូង ដោយគ្មានចិត្តស្ទាក់ស្ទើរ។
តាមរយៈការចូលរួមក្នុងកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គូស្វាមីភរិយាក៏ ទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលក្នុងនោះគណៈកម្មការនៃកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» បានរៀបចំឲ្យគូស្វាមីភរិយាអញ្ជើញចូលថតចម្រៀងឆ្លងឆ្លើយក្នុងស្ទូឌីយោ លំដាប់ពិភពលោក ព្រមទាំងបានថតរូប និងវីដែអូក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរជាគូដូចជាថ្ងៃរៀបមង្គលការម្ដងទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ គូស្វាមីភរិយាគំរូ នឹងទទួលបានឯកសារជាវីដេអូអំពីសំនៀងដើមពិតៗ វោហាសព្ទ័ និងរូបភាពកាយវិការ ដើម្បីរក្សាទុកសម្រាប់ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ និងជាឯកសាររក្សាទុកមើលកំសាន្ត។
ស្របជាមួយគ្នានោះដែរ មួយជ្រុងទៀតនៃ «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គឺដេីម្បី ចូលរួមចំណែកជួយជំរុញនិងធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជន ខ្មែរ និងតំបន់ទេសចរណ៍នានាៗក្នុងប្រទេសកម្ពុជា៕
លក្ខខណ្ឌចូលរួម៖
⁃គូស្វាមីភរិយាបានរួមរស់ជាមួយគ្នាលើសពី១០ឆ្នាំ
⁃គូស្វាមីភរិយាមានអាយុចាប់ពី៣៥ ឆ្នាំឡើង
⁃ហ៊ានបញ្ចេញរូបថត វីដេអូ និងសកម្មភាពពិតៗរវាងប្ដីប្រពន្ធក្នុងទីសាធារណៈ ក្នុងសង្គមនិងលើបណ្ដាញសង្គមនានា
កម្មវិធី គូព្រេងព្រឹទ្ធ “The Priceless Memories” ទាំងមូលនឹងមានផ្សាយតាមរយៈបណ្តាញសង្គម Facebook YouTube Tiktok ដែលមានគណនីឈ្មោះ Kou Preng Pret៕