តារាភាពយន្តជើងចាស់ហុងកុង លោក Chin Siu-Ho អាយុ៥៩ឆ្នាំ បានចាប់ផ្តើមឈានជើងចូលប្រឡូកនៅក្នុងពិភពឧស្សាហកម្មសិល្បៈភាពយន្តក្រោយពីទេពកោសល្យរបស់លោកត្រូវបានប្រទះឃើញនៅក្នុងការប្រកួតសិល្បៈក្បាច់គុនមួយ ដែលកាលណោះលោកមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ។ ប្រជាប្រិយភាពតារាសម្តែងរូបនេះ បានកើនឡើងខ្លាំងនៅអំឡុងទសវត្សន៍ឆ្នាំ៨០ និងដើមទសវត្សន៍ឆ្នាំ៩០ ដែលទាំងនេះគួរជាការអរគុណមួយចំពោះឱកាសដែលលោកបានចូលរួមសម្តែងក្នុងខ្សែរឿងខ្មោចឆៅ ឬMr Vampire ដែលជារឿងដ៏ល្បីល្បាញខ្លាំងរបស់ទីក្រុងហុងកុង ។
បណ្តាខ្សែរឿងខ្មោចឆៅទីក្រុងហុងកុងដែល តារាភាពយន្តChin Siu-Ho បានចូលរួមសម្តែងមានរឿង Mr Vampire (ឆ្នាំ1985), រឿង New Mr. Vampire (ឆ្នាំ1987), រឿង Vampire vs Vampire (ឆ្នាំ1989) និងរឿងThe Ultimate Vampire (ឆ្នាំ1991)។ ស្នាដៃសិល្បៈភាពយន្តក្បាច់គុណ ផ្សេងទៀតរបស់លោក Chin Siu-Ho មានដូចជារឿង Tai Chi Master (ឆ្នាំ1993) និងរឿងFist of Legend (ឆ្នាំ1994) ដែលសម្តែងជាមួយតារាភាពយន្ត Jet Li។
កាលពីសប្តាហ៍កន្លងទៅ តារាភាពយន្តជើងចាស់រូបនេះ បានបង្ហាញវត្តមានក្នុងសន្និសីទកាសែតថតរឿងថ្មីរបស់លោកនៅទីក្រុងហុងកុង ប៉ុន្តែរូបរាងរបស់លោកមើលទៅខុសប្លែកខ្លាំងបើធៀបនឹងពេលវេលាកន្លងទៅ។
បញ្ហារូបរាងខុសប្លែកខ្លាំង រហូតដល់ក្រុមអ្នកគាំទ្ររូបលោកស្ទើចំណាំលោកមិនបាន។ ហើយដោយសារបញ្ហាស្រកទម្ងន់ខ្លាំងយ៉ាងនេះ តារាភាពយន្តហុងកុងលោក Siu-Ho ក៏បានប្រាប់អោយដឹងថា កាលពី២ឆ្នាំមុន បន្ទាប់ពីផ្លាស់ទៅរស់នៅទីក្រុងសៀងហៃ លោកត្រូវរក្សាតុល្យភាពម៉ោងការងារមិនទៀងទាត់ និងពេលវេលាសម្រាក។ ហើយបន្ទាប់មក លោក ក៏ទទួលទានអាហារតែ១ពេល ក្នុង១ថ្ងៃ។
នៅពេលក្រុមសារព័ត៌មានសួរថា«តើលោកបារម្ភឬទេថាការទទួលទានតិចដូច្នេះធ្វើអោយលោកគ្មានថាមពល គ្មានកម្លាំងធ្វើលោកមិនអាចសម្តែងឈុតក្បាច់គុណបាន»? លោក Chin Siu-Ho ក៏តបទៅវិញថា បច្ចុប្បន្នការថតឈុតក្បាច់គុណ មិនថតវាយតប់ច្រើនដូចកាលពីពេលកន្លងទៅឡើយ។ យើងគ្រាន់តែសម្តែងក្បាច់គុនបន្តិចបន្តួចជាការស្រេច។
តារាភាពយន្ត Siu-Ho ដែលបច្ចុប្បន្ន បានវិលត្រលប់មករស់នៅទីក្រុងហុងកុងវិញបានជាងកន្លះឆ្នាំហើយ បានប្រាប់ថា លោកមានជំងឺលើសឈាម ដូច្នេះលោកត្រូវតមច្រើន ផ្អែម ប្រៃអាហារបំពង។ លោកទទួលទានតែអាហារសុខភាពនិងស៊ុប ដូច្នេះស្បែករបស់លោកមានសុខភាពល្អប្រសើរឡើង។ Siu-Ho និយាយបែបកំប្លែងអោយខ្លួនឯងថា លោកនាពេលឥឡូវនេះ សង្ហាជាងមុនច្រើន។