កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ Teaser បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដោយគ្រាន់តែចេញភ្លាមធ្វើឱ្យមហាជនលាន់មាត់សរសើរភ្លែតតែម្ដង។ យ៉ាងណាមិញ នៅពីក្រោយភាពអស្ចារ្យនៃបទចម្រៀងដែលនឹងត្រូវផលិតជា MV ទ្រង់ទ្រាយធំនេះ គឺការដឹកនាំដោយផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
តាមរយៈវីដេអូក្រៅឆាកនៃការផលិតបទចម្រៀងមួយនេះ ឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចុះដឹកនាំថតដោយផ្ទាល់ហាក់បីដូចជាអ្នកជំនាញខាងដឹកនាំថត រួមទាំងក្រុមការងារ បានយកចិត្តទុកដាក់ ដុតដៃដុតជើងមែនទែន ដើម្បីសម្រិតសម្រាំងគ្រប់ជ្រុង គ្រប់ប្លង់ ធ្វើយ៉ាងណាឱ្យចម្រៀងមួយបទនេះមានភាពទាក់ទាញ និងល្អឥតខ្ចោះ។ ជាមួយគ្នានេះ ទាំងតារាចម្រៀង អ្នកសម្ដែង និងអ្នករាំអមតារាចម្រៀង ក៏ទទួលបានការយកចិត្តទុកដាក់ និងខិតខំអស់ពីកម្លាំងផកាយចិត្តក្នុងការសម្ដែង និងច្រៀង។ ហើយបើក្រឡេកទៅមើលសម្ភារ និងឧបករណ៍ថតវិញ គឺសុទ្ធតែទំនើប និងលក្ខណៈឈុតធំតែម្ដង។
សូបបញ្ជាក់ផងដែរថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» បានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះផងដែរ។ ចង់ដឹងសកម្មភាពក្រៅឆាករបស់បទចម្រៀងមួយនេះ យ៉ាងណានោះ តោះទស្សនាវីដេអូនៅខាងក្រោម៖