ថ្មីៗនេះមានមនុស្សពីទីជិតទីឆ្ងាយរាប់តាំងពីពលរដ្ឋខ្មែរជាច្រើននាក់ បានទៅបន់ស្រន់គល់ឈើមួយដើមដែលបានផុសឡើងនៅកន្លែងលក់កាហ្វេមួយនៅប្រទេសថៃ ។
ដោយគេបានសង្កេតឃើញថា អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នា ពីដើមឈើមួយដើមដែលបានលេចឡើងជារូបរាងដូចទៅនឹងមនុស្សស្រី ដែលមានបំពាក់ជាមួយម្កុដ ក្រវិល ខ្សែក ស្ថិតនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា B Story Garden Cafe and restaurant នៅប្រទេសថៃ ។ ពលរដ្ឋទាំងនោះបានសម្តែងជំនឿថា ដើមឈើនោះស័ក្តសិទ្ធ រាល់ការបន់ស្រន់ ឬប៉ងប្រាថ្នានានាបានសម្រេច នៅពេលពួកគេទៅអ៊ុចធូប និងសូមបារមីដើមឈើនោះ ។
យ៉ាងណាទន្ទឹមនឹងមានការចែករំលែកជាមួយជំនឿយ៉ាងផុសផុលនោះ គេក៏ប្រទះឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនហាក់សម្ដែងការមិនគាំទ្រ និងបានចេញមុខប្រត្តិកម្ម ខណៈជាមួយគ្នានោះប្ដីប្រពន្ធតារាចម្រៀងអ្នកនាង ខាត់ សុឃីម ក៏បានចេញមុខនិយាយពាក់ព័ន្ធនឹងការបន់ស្រន់គន់ឈើខាងលើនេះផងដែរ ដោយលោក អ៊ិន សុបញ្ញា ហៅផាណូ បានលើកឡើងថា ឱ្យអ្នកជឿៗដោយបញ្ញា និងកុំងប់ងល់ខ្លាំងពេក ព្រោះតាំងពីលោកកើតមកគ្មានអ្នកណា ឬផ្លូវក្នុងណាមកជួយរកស៊ីលោកទេ ក្រៅពីការខិតខំដោយខ្លួនឯង ។
ដោយស្វាមីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម រូបនេះបានសរសេរថា៖ «ដឹងថាវាជាសេចក្តីសុខរបស់អ្នកជឿ ប៉ុន្តែសូមជឿដោយបញ្ញាកុំងប់ងល់ពេក សូមអធ្យាស្រ័យតាំងពីកើតមក ខ្ញុំមិនដែលឃើញមានអ្នកណា ឬផ្លូវក្នុងណាមកជួយរកស៊ីខ្ញុំទេ ក្រៅពីខំដោយខ្លួនឯង ពេលលំបាកក៏ខ្លួនឯង ពេលរកបានក៏ព្រោះតែចេះចាប់ឱកាស ស្វែងរកចំណូល បង្កើតចំណេះដឹង មិនមែនអង្គុយតែបន់វាធ្លាក់មកឯកឯងទេ» ។
ក្រៅពីនេះលោក ផាណូ ក៏បន្ថែមទៀតថា លោកក៏ចេះជឿដែរ ប៉ុន្តែមិនមែនរបៀបនេះនោះទេ លោកជឿទៅលើអំពើល្អ និងអាក្រក់តែប៉ុណ្ណោះ ។ លោកថា «ខ្ញុំសាងអីនឹងទទួលនឹង ហើយ ខ្ញុំធ្វើអីនឹងបានផលមកវិញនឹង ដូចគ្នាសូមអធ្យាស្រ័យ បើប៉ះពាល់អារម្មណ៍អ្នកណាម្នាក់ ខ្ញុំមិនមានចំណេះដឹងជ្រៅជ្រះទេ» ។
ក្រៅពីប្ដីហើយនោះ អ្នកនាង ខាត់ សុឃីម ជាភរិយាក៏បានចេញមកបន្ទរដែរថា៖ “អារុក្ខអារក្ខ អ្នកតា បារមីនៅខ្មែរនៅស្តាប់គ្នាមិនបានផងពេលខ្លះចុះទំរាំសាសន៍គេទៀត បារមីមានតែជួលអ្នកបកប្រែ”។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមកនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នា ពីដើមឈើមួយដើមដែលបានលេចឡើងជារូបរាងដូចទៅនឹងមនុស្សស្រី ដែលពួកគេជំនឿថា មានភាពស័ក្តសិទ្ធ រាល់ការបន់ស្រន់ ឬប៉ងប្រាថ្នានានាបានសម្រេច ដោយមានពលរដ្ឋជាច្រើនបានតម្រង់ជួរគ្នាចូលទៅអ៊ុចធូប និងសូមបារមីដើមឈើនោះ ដោយមានទាំងពលរដ្ឋខ្មែរអ្នករកស៊ីអនឡាញ និងតារាល្បីមួយចំនួនផងដែរ ៕