ក្រោយធ្វើដំណើរមកដល់កម្ពុជា កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា នឹងត្រូវប្រកួតនៅថ្ងៃនេះ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ជាមួយកីឡាការិនីសិង្ហបុរី May Yong Teh, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ដែលការប្រកួតនេះនឹងប្រព្រឹត្តទៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា ។
សូមរំលឹកថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ ខាន់ ចេសា ពិតជារំភើបរីករាយ និងមានមោទកភាពដែលបានតំណាងឲ្យជាតិកម្ពុជាសាជាថ្មីក្នុងព្រឹត្តិការណ៍អន្តរជាតិ ហើយរំពឹងទទួលបានមេដាយមាសទៀតដើម្បីជូនជាតិ ។
លោក Peter Khan ឪពុកបង្កើតរបស់កីឡាការិនី ខាន់ ចេសា បាននិយាយថា «យើងខ្ញុំទាំងអស់គ្នាពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជាជាថ្មី។ កូនស្រីរបស់ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ដែលទទួលបានឱកាសតំណាងឲ្យកម្ពុជា ហើយរំពឹងទទួលបានមេដាយមាសជូនជាតិទៀត» ។
លោក Peter Khan បន្តថា កូនស្រីរបស់លោកពិតជាមានកិត្តិយសណាស់ដែលទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជា ហើយនេះជាការផ្តល់កម្តាំងចិត្ត និងអ្នកគាំទ្រដ៏សំខាន់ដល់អត្តពលិក ។
សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា ធ្លាប់ឈ្នះមេដាយមាស២គ្រឿងហើយជូនជាតិកម្ពុជា ក្នុងនោះលើកទី១ គឺមេដាយមាសពីកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងលើកទី២ មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ យ៉ាងណាគេមិនថា ការប្រកួតស៊ីហ្គេមលើកទី៣២តំណាងឱ្យកម្ពុជា ខាន់ ចេសា នឹងធ្វើបានល្អដូចការប្រកួតមុនៗកម្រិតណានោះទេ ។ ប៉ុន្តែកីឡាការិនីឆ្នើមរូបនេះបានបង្ហាញក្ដីរំពឹងថា នឹងនាំយកមេដាយមាសជូនជាតិជាថ្មីម្ដងទៀត ៕