កីឡាការិនីកម្ពុជា កាំង មុយនីន បានបំបែកនូវកំណត់ត្រាប្រវត្តិសាស្រ្តថ្មីដោយឈ្នះមេដាយមាសចំនួន២ជាលើកដំបូងបន្ទាប់ពីបានរង់ចាំអស់រយៈពេល៥០ឆ្នាំ ខណៈដែលជោគជ័យដ៏ធំនេះបានកើតមានឡើងស្របពេលដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ។
ការដណ្តើមបានមេដាយមាសលើប្រភេទកីឡាហែលទឹកពាក់ជើងទារបស់ កាំង មុយនីន បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាមានភាពមោទនភាពយ៉ាងខ្លាំង ព្រោះនេះជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមហែលទឹកកម្ពុជា ។
សូមបញ្ជាក់ថា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសទី១លើវិញ្ញាសាហែលទឹក 400m Bi Fins ជាមួយថិរវេលា ៣:៥៩.០១ នាទី គឺនាំមុខកីឡាការិនីលេខ២របស់ឥណ្ឌូនេស៊ី Az Zahra Raqiel ដែលប្រើពេល ៤:០៥.៩៧ នាទី ។
ដោយឡែកនៅព្រលប់ថ្ងៃទី១៣ ខែឧសភាម្សិលមិញនេះ កីឡាការិនីពាក់ជើងទាជម្រើសជាតិកម្ពុជា កាំង មុយនីន បានឈ្នះមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសាហែលទឹកពាក់ជើងទា Bi Fins ចម្ងាយ ២០០ម៉ែត្រ នៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះគឺជាមេដាយមាសទី២ ដែល កាំង មុយនីន ដណ្ដើមបានជូនកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕