ទឹកមុខ សឿ សុធារ៉ា កាន់តែស្រស់ស្រាយ ក្រោយបញ្ហាជីវិតស្ងប់ស្ងាត់

ចាប់តាំងពីមានបញ្ហាបំណុលរហូតមានជំងឺប្រចាំកាយធ្ងន់ធ្ងរប៉ះពាល់សតិស្មារតី ក្រោយ​ជួបទុក្ខ​ធំ​ម្ដាយជាទីស្រឡាញ់ទទួលមរណភាពនោះ សឿ សុធារ៉ា ដែលធ្លាប់តែជាកំពូល​តារា​សម្ដែងស្រីជួរមុខប្រែជីវិតធ្លាក់ស្ទើរដល់ចំណុចសូន្យ ខណៈដែលរូបសម្រស់​ក៏បាក់​បង់​ស្ទើរតែមិននឹកស្មានដល់ ។

ប៉ុន្តែក្រោយសង្ងំព្យាបាលជំងឺ និងមានការជ្រោមជ្រែង ការលើកទឹកចិត្តជាច្រើនបន្ត​បន្ទាប់​ពីសំណាក់​មហាជន និងមិត្តភ័ក្ដរួមអាជីពសិល្បៈផង បានធ្វើឱ្យខ្សែជីវិតដែល​ធ្លាក់​ហៅលែងលឺរបស់អ្នកនាង សឿ សុធារ៉ា មានឱកាសបង្ហាញមុខនៅកញ្ចក់ទូរទស្សន៍ជាថ្មី ។ ក្រៅពីងើបឈរជាថ្មីជាមួយឱកាសសម្ដែងឡើងវិញ តារា​សម្ដែងល្បីល្បាញខ្លាំង​ជាង១០ឆ្នាំមុនរូបនេះក៏បានត្រួសត្រាយ​ផ្លូវឱ្យកូនស្រី​ដើរតាម​គន្លង​របស់​ខ្លួន និងអតីតស្វាមីផងដែរ ។

ក្មេងស្រីដែលមានទាំងរូបសម្រស់ និងទេពកោសល្យផ្នែកសិល្បៈដែលឈ្មោះថា សាពូន តារាភិមាន ជាកូនស្រីបង្កើតរបស់អ្នកនាង សឿ សុធារ៉ា និងលោកអតីតស្វាមីលោក សាពូន មីដាដា ។ បច្ចុប្បន្ន តារាភិមាន បានកំពុងតែទទួលបានការចាប់អារម្មណ៍ពី​សំណាក់មហាជន និងអ្នកដឹកនាំមួយចំនួន ខណៈកាលពីថ្មីៗកន្លងទៅនេះ ភិមាន ក៏បាន​បង្ហាញខ្លួននៅ​ក្នុងខ្សែភាពយន្ដខ្នាតធំមួយរបស់ផលិត​កម្មហង្សមាស​ជាម្ដាយផង​ដែរ ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ក្រោយស្ងប់ស្ងាត់មួយរយៈ សឿ សុធារ៉ា បានធ្វើឱ្យមហាជន​មានការភ្ញាក់​ផ្អើលយ៉ាងខ្លាំងលើរូបសម្រស់របស់អ្នកនាង ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនៅថ្ងៃជួប​ជុំ​អាហារសាមគ្គីគ្រួសារហង្សមាសគេសង្កេតឃើញថា ពេលនេះកំពូលតារាសម្ដែង​ស្រីរូបនេះកាន់តែមានភាពស្រស់​ស្រាយ​ជាងមុន ខណៈដែលរូបសម្រស់ក៏ប្រែប្រួលតាមភាពរីរាយរបស់អ្នកនាងផងដែរ​ ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនពោលលាន់មាត់សរសើរថា បើទោះជាសក់របស់​អ្នកនាង សឿ សុធារ៉ា នៅមិនទាន់ដុះវែងល្អដូចដើមយ៉ាងណាក្ដី តែរូបសម្រស់របស់អ្នកនាងកាលពីមុនបានវិលត្រឡប់មកវិញជាបណ្ដើរៗហើយ ។

សូមបញ្ជាក់ថា ចាប់តាំងពីប្រកាសឱ្យកូនស្រីច្បងដើរតាមគន្លងរបស់ខ្លួនមក អ្នកនាង សឿ សុធារ៉ា តែងតែបណ្ដើរកូនស្រីចូលរួមស្ទើរគ្រប់កម្មពិធិសិល្បៈ ។ ជាក់ស្ដែងនៅ​ថ្ងៃអាហារ​សាមគ្គី ឬមពិធីជប់លៀងឆ្នាំថ្មីរបស់ហង្សមាសតារាស្រីរូបនេះ​ក៏បានកាន់​តែដៃ​កូនស្រី​មកចូលរួមផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *