ក្រោយចាប់ដៃគ្នារួមរស់ដោយបើកចំហររយៈពេលប៉ុន្មានឆ្នាំ ពេលនេះគូស្នេហ៍តារាសម្ដែងអ្នកនាង វ៉ាន់ លីលី និងលោក សុវណ្ណ សំណាង បានដឹកដៃគ្នាក្រាបផ្ទឹមសែនព្រេនតាមប្រពៃណីចំពោះមុខចាស់ទុំហើយ ។
បើទោះជាមិនបានប្រារពកម្មពិធីឱ្យធំដុំតែ វ៉ាន់ លីលី ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនសម្ដែងការសាទរ ខណៈដែលនាងក៏បានអរគុណចំពោះគូស្នេហ៍ដែលបានគោរពតាមការសន្យា ។ នៅលើហ្វេសប៊ុករបស់ខ្លួនដែលទើបតែប្ដូរឈ្មោះពី សំណាង លីលី មកជា សុភា សំណាង បានសរសេរយ៉ាងដូច្នេះថា «អរគុណដែរគោរពសន្យា Sovann Samnang 26/5/2023 អរគុណអ្នកមានគុណទាំងសងខាង» ។
សូមរំលឹកថា តារាសម្ដែងអ្នកនាង វ៉ាន់ លីលី និងតារាសម្ដែងលោក សុវណ្ណ សំណាង ត្រូវបានគេដឹងថាបានបើកចំហរពីទំនាក់ទំនងរបស់ខ្លួនជាយូរមកហើយ ខណៈរយៈប៉ុន្មានខែចុងក្រោយនេះអ្នកទាំងពីរក៏បានជួបបញ្ហា និងបានដោះស្រាយបញ្ហាជាមួយគ្នាជាច្រើន ។
កាលពីខែមីនាកន្លងទៅតារាសម្ដែង វ៉ាន់ លីលី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងបទឆបោកធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពសិល្បៈ ។ អ្វីដែលកាន់ភ្ញាក់ផ្អើលទៀតនោះដើមបណ្ដឹងប្ដឹង វ៉ាន់ លីលី គឺជាអតីតមេតុងទីន អឿន ម៉ូលីកា ដែលកំពុងតែជាប់ឃុំនៅពន្ធធនាគារ ពាក់ព័ន្ធនឹងការចេញសែកស្អុយដែលមានទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ។ តែយ៉ាងណារឿងរ៉ាវនោះក៏បានស្ងប់ស្ងាត់ទៅវិញ ខណៈអ្នកនាង វ៉ាន់ លីលី ក៏មានសេរីភាពវិញផងដែរ ។
ដោយឡែកនៅសប្ដាហ៍មុននេះអតីតអ្នកម៉ាយរូបនេះក៏មានរឿងយល់ច្រឡំមួយ ក្រោយតារាសម្ដែងដ៏ប៉ិនប្រសព្វអ្នកនាង ស្វែង សុជាតា ប្រកាសឱ្យសមត្ថមកិច្ចចាប់ខ្លួននាង និងស្វាមីគឺលោក សុវណ្ណ សំណាង ពាក់ព័ន្ធនឹងការយកឈ្មោះរបស់អ្នកនាងទៅពាក់ព័ន្ធនឹងការងារ ។ ប៉ុន្តែករណីនេះត្រូវបាន វ៉ាន់ លីលី បដិសេដ ។ មិនតែប៉ុណ្ណោះតារាសម្ដែងរូបនេះក៏ទើបតែបញ្ចប់បញ្ហាជាមួយអ្នកលក់អនឡាញល្បីម្នាក់ផងដែរ ។
បើទោះជាយ៉ាងណាក្រោយកាន់ដៃគ្នាដោះស្រាយបញ្ហាជាច្រើនបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះតារាសម្ដែង វ៉ាន់ លីលី និងលោក សុវណ្ណ សំណាង ក៏បានដឹកដៃគ្នាក្រាបផ្ទឹមសែនព្រេនចំពោះមុខចាស់ទុំទាំងសងខាងដើម្បីដឹងលឺពីទំនាក់ទំនងរបស់ពួកគេ ៕