តារាចម្រៀងពិការភ្នែក យឿន ពិសី បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួននៅមុននេះពីដំណឹងដ៏រីករាយ ក្រោយទទួលបានសមាជិកគ្រួសារកូនស្រីម្នាក់បន្ថែមទៀត ក្រោយរៀបការជាមួយភរិយាដ៏ស្រស់ស្អាតគឺជាហ្វេនរបស់ខ្លួនជាង២ឆ្នាំ ។
នេះជាកូនទី២ហើយសម្រាប់អតីតពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ យឿន ពិសី ខណៈកូនបប្រុសច្បងបានសម្រាលកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ បើគិតមកដល់ពេលនេះមានអាយុប្រមាណជិត២ឆ្នាំហើយ ។ បើទោះជាយ៉ាងណាដំណឹងនៃការទទួលបានសមាជិកកូនស្រីម្នាក់បន្ថែមទៀតនេះ យឿន ពិសី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនសម្ដែងការសាទរ ។
សូមបញ្ជាក់ថា ក្រោយពីបានកាន់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ បានរយៈពេល៦ឆ្នាំ យុវជនដែលមានដុងទេពកោសល្យសិល្បៈទោះបីជាពិការភ្នែកពីកំណើត យឿន ពិសី បានជួបម្ចាស់បេះដូងមានភក្តីភាព និងបានក្រាបផ្ទឹមចូលរោងជ័យជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្រោយពីបានយល់ចិត្តយល់ថ្លើមគ្នាប្រមាណ១ឆ្នាំ ។
ក្រោយរៀបការតារាចម្រៀងពិការភ្នែករូបនេះក៏ទទួលបានកចំណងដៃកូនប្រុសម្នាក់ឈ្មោះថា ពិសី វីរៈបុត្រ ។ ការទទួលបានកូនប្រុសដំបូងនោះ យឿន ពិសី បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ។ ប៉ុន្តែមួយរយៈក្រោយមកតារាចម្រៀងរូបនេះបានជួបរឿងខ្លោចចិត្តព្រោះកូនប្រុសដែលជាតំណក់ឈាមត្រូវវះកាត់ភ្នែកទាំងវ័យក្មេង ។
បើទោះជាយ៉ាងណា យឿន ពិសី បានប្រកាសទទួលស្វាគមន៍សមាជិកកូនស្រីម្នាក់បន្ថែមទៀតឈ្មោះថា ពិសី ពេជ្រនារី កើតនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី២៨ ខែឧសភានេះ ៕