ឃ្លីបវីដេអូមួយរបស់ស្រីស្អាត គីម សៀវឡាម និងតារាប្រុសលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា សម្ដែងផិតប្ដីជាអ្នកប្រដាល់គឺម្ចាស់មេដាយមាសស៊ីហ្គេមកីឡាករ បឺត សង្ឃឹម បានកំពុងផ្ទុះមតិវែកញែក និងការការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ។
ជាការពិតណាស់កាលពីថ្មីៗនេះ ស្រីស្អាត គីម សៀវឡាម បានបង្ហោះឃ្លីបវីដេអូមួយដែលខ្លួន និងតារាប្រុស ចាន់ស៊ី ស៊ីណាវ៉ាត្រា សម្ដែងធ្វើជាផិតប្ដីជាកីឡាករប្រដាល់ ខណៈកីឡាករនោះគឺជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ បឺត សង្ឃឹម ។ វីដេអូនោះក៏ត្រូវបានមហាជនជាច្រើនចែករំលែក និងបានពោលសរសើរចំពោះតារាស្រីខាងលើរូបនេះថា មានទេពកោសល្យសម្ដែងបានស័កសម ។ ប៉ុន្តែជាមួយគ្នានោះក៏មានមតិវែកញែកជាច្រើនថា ពាក្យសម្ដី និងទង្វើកាយវិការនេះមិនឱ្យតម្លៃបុរសដែលមានអាជីពជាអ្នកប្រដាល់ និងជាន់លើវិស័យនេះជាដើម ។
ក្រោយមានការវែកញែកជាច្រើនបែបនេះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមស្រីស្អាត គីម សៀវឡាម ក៏បានចេញមុខបកបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាការសម្ដែងMVបទចម្រៀងថ្មីរបស់តារាចម្រៀង ហង្ស សុវណ្ណារិទ្ធ តែប៉ុណ្ណោះ ហើយក៏មិនមែនជាការជាន់ពន្លិចវិស័យប្រដាល់នោះដែរ ប៉ុន្តែគឺជាការលើកទឹកចិត្តដល់មនុស្សមួយចំនួនឱ្យមានការប្រឹងប្រែងទោះជួបរឿងអាក្រក់បែបណាក៏ដោយ ។
តួសម្ដែងរូបនេះនិយាយថា «បទចម្រៀងមួយនេះ ធ្វើមកមិនមែនចង់ជាន់វិស័យកីឡាប្រដាល់នោះទេ បទនេះន័យអប់រំច្រើន លើកទឹកចិត្តមនុស្សមួយចំនួនឱ្យមានការប្រឹងប្រែង ទោះយើងជួបរឿងអាក្រក់បែបណាក៏ដោយឱ្យតែយើងមានភាពតស៊ូ នោះយើងនឹងបានជោគជ័យ ដូចជាMVមួយបទនេះចឹង គាត់ក្រមែនតែទីបំផុតគាត់ព្យាយាមរហូតបានមេដាយមាស» ។ ស្រីស្អាត សៀវឡាម បន្តថា «អ្នកទាំងអស់គ្នាគួរតែសរសើរគាត់ដែរគាត់មានសម្ថតភាពច្រើន ទាំងវៃបុក សម្តែង ចេះនិពន្ធចម្រៀង Melody ខ្លួនឯងទៀត ខ្ញុំសុំសរសើរ គាត់ជាមនុស្សពូកែ និងចេះតស៊ូ» ។
ជាមួយគ្នានេះតួប្រុសក្នុងMVចម្រៀងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ដោយលោកបានទទូចសុំឱ្យមហាជនឈប់វែកញែក និងរិះគន់បន្តទៀត ព្រោះទម្រាំថតត្រូវមួយប្លង់ៗមិនងាយនោះទេ ៕