តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីល្ងាចមិញនេះបានបង្ហាញក្ដីរំភើបដោយមានមោទនភាពបំផុត ខណៈបានបង្ហាញវត្តមានជាសិល្បករសម្ដែងបើកសម្ពោធជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ានលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ដោយមុនពេលសម្ដែងតារាចម្រៀងសម័យ និងអាយ៉ៃកំប្លែងរូបនេះបានអុជធុបសុំពរ រំលឹកដល់គុណជូនតា និងបុព្វបុរសខ្មែរសុំឱ្យការសម្ដែងរបស់ខ្លួនទទួលបានជោគជ័យ ខណៈការបន់ស្រន់នោះ ខាត់ សុឃីម បានបង្ហាញមោទនភាពយ៉ាងខ្លាំងដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងមានមោទនភាពបំផុតដែលខ្លួនបានកើតជាកូនខ្មែរ ។
អ្នកនាង ខាត់ សុឃីម និយាយថា «ថ្ងៃដែលកូនមានមោទនភាពបំផុតសំរាប់ កើតមកជាកូនខ្មែរ សូមដូនតា តាមថែរក្សា កូនអោយសំដែងបានជោគជ័យ ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ានលើកទី១២ ASEAN PARA GAMES នៅវិមានពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី៣ ខែមិថុនា ២០២៣» ។
ក្រៅពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម សិល្បករសិល្បការិនី និងប្រជាជនទូទាំងសុទ្ធតែបានបង្ហាញក្ដីរំភើប និងមានមោទនភាពសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទុះមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗ ៕