ក្រោយទទួលបានការចាប់អារម្មណ៍លើការសម្ដែងMVបទថ្មីរបស់តារាចម្រៀងថោន ហង្ស សុវណ្ណារិទ្ធ តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត្រា ស្រាប់តែទម្លាយរឿងរ៉ាវគួរឱ្យសរសើរមួយជាមួយតារាចម្រៀងប្រុសខាងលើ ពោលគឺមិត្តដ៏ស្មោះត្រង់ដែលមានចំពោះគ្នាអស់រយៈពេលជាង៦ឆ្នាំមកហើយ ។
ដោយម្សិលមិញនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាសម្ដែងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានរៀបរាប់ពីមិត្តភាពដែលពួកគេមានចំពោះគ្នាក្នុងរយៈពេលជាង៦ឆ្នាំ និងបានពោលសរសើរពីទឹកចិត្តរបស់តារាចម្រៀងលោក ហង្ស សុវណ្ណារិទ្ធ ដែលរក្សាទំនាក់ទំនងជាមួយគ្នាជាច្រើនឆ្នាំមកនេះ ។
តារាប្រុសលោក ស៊ីណាវ៉ាត្រា បាននិយាយថា «ពិតជាស្រឡាញ់ទឹកចិត្តដ៏ល្អប្រពៃរយៈពេលជិត៦ឆ្នាំដែរពួកយើងស្គាល់គ្នា ក្នុងការសម្តែងបទចម្រៀង ហើយបង្កើតទំនាក់ទំនងល្អ ពេលបងមានកម្មវិធីប្អូនបានចូលរួមច្រៀងដល់ឡែមទោះជាឆ្ងាយយ៉ាងណាក៏ប្អូនមកចូលរួម នេះជាការរាប់អានដែរមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន តាំងពីបងមានរហូតបងបរាជ័យរយៈពេល២ឆ្នាំជាង ប្អូនតែងតែផ្តល់កម្លាំងចិត្តបង ហើយរយះពេលបងត្រឡប់នៅភ្នំពេញមួយឆ្នាំ ក៏យើងមានទំនាក់ទំនងល្អទោះការជួបជុំតូចធំ ហើយប្អូនម្នាក់តែងតែហៅបងថតរហូត ក្តីស្រលាញ់មួយនេះបងចងចាំរហូត អរគុណពេលវេលាល្អៗកន្លងមក អរគុណដែរបងធ្លាក់ខ្លួននៅក្បែរបង Hang Sovannarith នៅភ្នំពេញម្នាក់អែងគ្មានបងប្អូន អរគុណណា» ។
សូមរំលឹកថា លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា និងតារាចម្រៀងថោនលោក ហង្ស សុវណ្ណារិទ្ធ បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាង៦ឆ្នាំមកហើយ ។ ជារឿយៗតារាប្រុសលោក ស៊ីណាវ៉ាត្រា តែងតែបង្ហាញវត្តមាននៅលើបទចម្រៀងរបស់លោក ហង្ស សុវណ្ណារិទ្ធ ជាក់ស្ដែងដូចជាបទ «ការកម្សាន្ដច្រានសុភមង្គល» ដែលទើបតែចេញកាលពីពេលថ្មីៗនេះ ។
លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏ទើបតែចូលរួមសម្ដែងបទថ្មីមួយបទទៀតរបស់តារាចម្រៀងរូបនេះដែលត្រៀមនឹងបញ្ចេញឆាប់ៗ ខណៈបទនេះគេរំពឹងថានឹងទទួលបានការគាំទ្រខ្លាំង ព្រោះបើទោះជាមិនទាន់ចេញជាផ្លូវការ តែបទច្រៀងដែលបកស្រាយដោយលោក ហង្ស សុវណ្ណារិទ្ធ និងសម្ដែងដោយតួប្រុស ស៊ីណាវ៉ាត្រា, ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម និងស្រីស្អាត គីម សៀវឡាម ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈសកម្មភាពឈុតក្រៅឆាកនៃMVនេះ ៕