ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សព្វព្រះរាជហរទ័យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់ពាណិជ្ជករវ័យក្មេងលោក ណាង ណាន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះៗ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
ការដែលអង្គព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា ជូនលោក ណាង ណាន នៅពេលនេះធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា ។
លោក ឧកញ៉ា ណាង ណាន ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីវ័យក្មេងមួយរូបដែលបាននាំចូលវិស័យជំនួញពីប្រទេសថៃមកកម្ពុជា។ បច្ចុប្បន្នលោកកំពុងជោគជ័យក្នុងវិស័យទេសចរណ៍ជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour)។
បន្ថែមទៀតនោះ ឧកញ៉ាម្ចាស់ក្រុមហ៊ុន ណានពីរ រូបនេះក៏ជាសប្បុរសជនឆ្នើមមួយរូបផងដែរ ដែលតែងបង្ហាញមុខក្នុងការចូលរួមបរិច្ចាគទ្រព្យធនធានថវិកា និងសម្ភារជាមួយរាជរដ្ឋាភិបាលដូចភ្លៀងរលឹម ខណ:សកម្មភាពកិច្ចការងារមនុស្សធម៌ទាំងនេះក៏ជាមូលហេតុនាំឲ្យលោកត្រូវរាជរដ្ឋាភិបាលកម្ពុជា ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា» ទៀតផង៕