តារាសម្ដែងលោក សាយ សៀរ៉ា បានបង្ហាញអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្ថានភាពបច្ចុប្បន្នរបស់លោក គឹម ហេង អតីតថៅកែផលិតកម្ម KH Promotion ដែលជាអ្នកធ្លាប់ជួយជ្រោមជ្រែងខ្លួនគ្រាចូលប្រឡួកសិល្បៈដំបូង ។
ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានស្គាល់ហើយពីផលិតកម្ម Kh Promotion ដ៏ល្បីល្បាញកាលពី២០ឆ្នាំមុន និងជាថ្នាលបណ្ដុះតារាសម្ដែង តារាចម្រៀងល្បីៗជាច្រើនរូបរហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំគ្រប់គ្រងដោយលោក តាំង គីមហេង ដែលជាអតីតម្ចាស់ ផលិតកម្មមួយនេះ។ ទោះយ៉ាងណា ក្រោយផលិតកម្មរបស់លោក បានបិទទ្វារស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ដែលគ្រប់គ្នាសឹងតែភ្លេចឈ្មោះផលិតកម្ម និងភ្លេចមុខម្ចាស់ផលិតកម្មទៅហើយ ស្រាប់តែប៉ុន្មានឆ្នាំចុងក្រោយ ក៏លេចឮដំណឹងស្ទើរតែមិនគួរឲ្យជឿថា អតីតផលិតកម្មនេះ គឺលោក តាំង គឹមហេង បានធ្លាក់ខ្លួនដល់ថ្នាក់អង្គុយលក់ទឹកសុទ្ធនៅតាមដងផ្លូវសាធារណៈដ៏គួរឲ្យអាណិតអាសូរជាខ្លាំង។
ពេលខ្លះលោក តាំង គឹមហេង ក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈមុខរបរលក់ផ្លែពុទ្រាតាមអនឡាញ និងដឹកឲ្យអតិថិជនដល់ៗកន្លែងដោយផ្ទាល់ទៀតផង ជាមួយនឹងការបញ្ជាក់ថា៖ «វិថីជីវិតមិនទៀងទាត់ទេ អតីតកាលជាអ្វីក៏ដោយ មិនសំខាន់ទេ តែរឿងបច្ចុប្បន្នទេ ទើបជារឿងដែលត្រូវគិត ព្រោះជីវិតត្រូវការបន្តរស់ទៅមុខទៀត»។ ដោយអំណាចនៃសេចក្ដីអាណិតផង ក្រោយពីបានឃើញលោកធ្លាក់ខ្លួនបែបនេះ ក៏ឃើញមានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានក្តីអាណិត បានជួយទិញពុទ្រារបស់លោកជាហូរហែរ។
ស្រាប់តែមួយរយៈចុងក្រោយនេះ គេឃើញអតីតម្ចាស់ផលិតកម្មរូបនេះបានចេញមុខសារជាថ្មីជាមួយនឹងស្ថានភាពកាន់តែលំបាកជាងមុន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាពន់ពេក ជាពិសេសអ្នកធ្លាប់រួមរស់ក្រោមឱវាទរបស់លោកពិតជាការតក់ស្លុតយ៉ាងខ្លាំង ។
លោក សាយ សៀរ៉ា ដែលកំពុងតាមដានជំងឺប្រចាំកាយនៅប្រទេសថៃកាលពី២ថ្ងៃមុននេះ ក្រោយបានឃើញស្ថានភាពរបស់លោក តាំង គឹមហេង បែបនេះលោកហាក់មានក្ដីរន្ធត់ចិត្តជាពន់ពេក ។ លោកថា កាលចេញថតកាលពីដំបូងបានផលិតកម្ម KH នឹងហើយ ដែលបានផ្តលឪកាសឲ្យលោកថតខារ៉ាអូខេមុនគេ ក្រោយមកទើបមានផលិតកម្មដទៃទៀតក៏ហៅថតបន្តបន្ទាប់ ។
លោកថា «ខ្ញុំចេញថតកាលពីដំបូងបានផលិតកម្មគាត់នឹងហើយ ដែលបានផ្តលឪកាសឲ្យខ្ញុំថតខារ៉ាអូខេមុនគេ ជាលើកទីមួយចូលសិល្បៈ ក្រោយមកក៏មានបងប្អូនផលិតកម្មដទៃទៀតក៏ហៅថតមកដល់រាល់ថ្ងៃនឹងទៅ យករូបថតជិះម៉ូតូឌុបដើរដាក់តាមផលិតកម្មផ្សេងៗមានតែគាត់ទេដែលហៅថតមុនគេ ហើយខ្ញុំស្គាល់កូនគាត់ទាំងពីរប្រុសឈ្មោះអាហុង ស្រីអាជូរ.ស្គាល់ជាង១៦ឆ្នាំហើយ» ។
ដោយឡែកតាមរយៈទូរស័ព្ទតារាសម្ដែងរូបនេះបានឱ្យដឹងទៀតថា បើទោះជាបានបែកគ្នាយូរឆ្នាំមកហើយតែលោកពុំដែលភ្លេចនោះឡើយ ពោលគឺក្រោយលោក គឹមហេង ស្ងប់ស្ងាត់លោកក៏ធ្លាប់Callសួរសុខទុក្ខម្ដងម្កាលដែរ គ្រាន់តែមិនដែលបានជួបគ្នាដោយផ្ទាល់ ។ យ៉ាងណាក្រោយបានឃើញស្ថានភាពលោក គឹមហេង ពេលនេះ តារាសម្ដែងលោក សាយ សៀរ៉ា ថានឹងទៅសួរសុខទុក្ខលោកដោយផ្ទាល់ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញឆាប់ៗនេះ ៕