តារាសម្ដែងវ័យក្មេងប្រុស ខួច បានចេញមុខបញ្ជាក់ជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហានៅលើផ្ទៃមុខរបស់ខ្លួនដែលធ្វើឱ្យលោកត្រូវចេញទៅប្រទេសវៀតណាមបន្ទាន់ដើម្បីព្យាបាលកាលពីពេលថ្មីៗនេះ ។
ប៉ុន្មានថ្ងៃមកនេះរឿងរ៉ាវរបស់ប្រុស ខួច ត្រូវបានចុះផ្សាយព្រោងព្រាតនៅលើបណ្ដាញសង្គម ក្រោយធ្លាយដំណឹងថា ស៊ីលីកូនៅផ្ទៃមុខរបស់តារាសម្ដែងវ័យក្មេងស្រស់សង្ហារូបនេះស្រាប់តែមានបញ្ហា ហើយលោកត្រូវទៅប្រទេសវៀតណាម ដើម្បីជួបគ្រូពេទ្យធ្វើការព្យាបាល និងយកស៊ីលីកូចេញពីផ្ទៃមុខរបស់ខ្លួន ដោយសារស៊ីលីកូដែលបានចាស់កាលជាងមួយឆ្នាំមុននោះមានបញ្ហា ។ រឿងនេះប្រុស ខួច ក៏ត្រូវបានមហាជនមួយចំនួនបញ្ចេញមតិវាយប្រហារមិនតិចនោះដែរ ។
ក្រោយបានឃើញមតិជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមមានទាំងការរិះគន់ និងចម្ងល់ផងនោះប្រស ខួច ក៏បានបញ្ជេញសំណេរមួយបញ្ជាក់ជាថ្មីជុំវិញករណីខាងលើនេះ ។ ដោយប្រុស ខួច បាននិយាយថា មិនមែនស៊ីលីកូរបស់លោកទើបតែចាក់១ឆ្នាំមុននោះទេ ពោលគឺលោកបានចាក់១០ឆ្នាំមកហើយ ។ ១ឆ្នាំមុនលោកធ្លាប់ព្យាបាលម្ដងរួចមកហើយ ហើយត្រូវព្យាបាលម្ដងទៀត ខណៈការសម្រេចចិត្តវះកាត់ផ្ទៃមុខកាលពីឆ្នាំមុនក៏ដោយសារតែស៊ីលីកូនេះដែរ ។ ប្រុស ខួច និយាយថា «មិនមែននៅសុខៗដំបៅមិនឈឺយកឈើរុកទេ» ។
ជាមួយគ្នានោះតារាសម្ដែងវ័យក្មេងរូបនេះក៏បានសុំណូមពរដល់អ្នកសារព័ត៌មានមុនចុះផ្សាយគួរសួរនាំលោកជាមុនសិន ដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជន ។ លោកថា «ហើយបងៗខាងសារព័ត៌មានមុននឹងចុះ សូមខលសួរខ្ញុំបន្តិចផងមុនចុះ ស្រួលខ្ញុំបញ្ជាក់ឱ្យលម្អិត កុំបងប្អូនមានការយល់ច្រលំថា នៅសុខៗមុខស្អាតហើយមិចបានទៅកែ» ។
សូមបញ្ជាក់ថា តារាសម្ដែងប្រុសរូបសង្ហាថ្ពាល់ខួចញញឹមមានមន្តស្នេហ៍ ប្រុសខួច តែងលេចវត្តមានក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿង ភាគច្រើនសុទ្ធសឹងតែតំណែងជាតួឯក ព្រោះតែរូបគេមានរូបសម្បត្តិស្រស់សង្ហា ។ បើទោះជាយ៉ាងតារាសម្ដែងប្រុសរូបនេះហាក់មិនទាន់ស្ងប់ស្កល់ជាមួយនឹងរូបសម្រស់ធម្មជាតិរបស់ខ្លួនឡើយ ដោយបានសម្រេចចិត្តទៅកែសម្ផស្សបន្ថែម ដើម្បីទទួលបានផ្ទៃមុខដែលខ្លួនប្រាថ្នា បើទោះបីជាក្រោយពីធ្វើរួចរាល់បានមុខមាត់ស្អាតតាមបំណងប្រាថ្នា តែមានមតិជាច្រើនមិនពេញចិត្តក៏ដោយ ៕