មោទនភាពបំផុត! នាដការីរបាំបុរាណម្នាក់នាំឈុតអប្សរាអង្គរទៅសម្តែងលើភ្នំទឹកកកប្រទេស New Zealand

ប៉ុន្មានថ្ងៃមកនេះមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមពិតជាមានការភ្ញាក់ផ្អើល និងមានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីឈុតអប្សរាអង្គរកម្ពុជា និងរបាំព្រះរាជទ្រព្យត្រូវបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅលើកំពូលភ្នំទឹកកកនៃប្រទេសនូវែលហ្សេឡង់ ។

កញ្ញា សុគា គីមលាង ឬហៅថា Kon Ant ត្រូវបានគេស្គាល់ថាជានាដការីរបាំងបុរាណខ្មែរមួយរូបដែលបានលះបង់យ៉ាងធំធេងក្នុងការនាំយកឈុតអប្សរាអង្គរ និងរបាំងព្រះរាជទ្រព្យទៅសម្ដែងនៅលើកំពូលភ្នំទឹកកកនៃប្រទេសនូវែលហ្សេឡង់នោះ ។

តាមរយៈអារម្មណ៍ដែលរីករាយអមដោយមោទនភាពបំផុត ក្រោយនាំយកសម្បត្តិវប្បធម៌ដ៏ចំណាស់ និងអស្ចារ្យរបស់ខ្មែរទៅកាន់សកលលោក កញ្ញា សុគា គីមលាង បានបញ្ជាក់ថា នេះជាលើកទីមួយបំផុតសម្រាប់ពួកគេ ។ នាងថា «ពួជខ្មែរមានពូជពង្សរុងរឿងគង់វង្សនៃជាតិខេមរា សម្បត្តិវប្បធម៌ល្អសែនអស្ចារ្យ ល្បីសពលោកា សកលស្ញប់ស្ញែង ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា មករាំនៅលើភ្នំទឹកកកនៃប្រទេស New Zealand ដែលជាលើកទីមួយរបស់ពួកយើងខ្ញុំ» ។

បើតាមការបញ្ជាក់ពីនាដការីដ៏ស្រស់ស្អាតកញ្ញា សុគា គីមលាង បានឱ្យដឹងទៀតថា មិនមែនជារឿងងាយស្រួលនោះទេ កាលដែលត្រូវហោះពីប្រទេសខ្មែរទៅប្រទេសណូវែលហ្សេឡង់ ជាពិសេសអាកាសធាតុប្តូរពីក្តៅទៅត្រជាក់ បើធៀបនឹងប្រទេសកម្ពុជាគឺនៅទីនោះត្រជាក់ជាងដល់ទៅ៦ដងឯណោះ ។  ក្នុងនាមតំណាងឱ្យនាដការីរបាំបុរាណខ្មែរទាំងអស់ កញ្ញា សុគា គីមលាង ពិតជាបានលះបង់យ៉ាងខ្លាំងក្លាសម្រាប់វប្បធម៌ដ៏ចំណាស់មួយនេះ ។

ដំណើរដ៏វែងឆ្ងាយមួយនេះកញ្ញា សុគា គីមលាង ឬ Kon Ant ត្រូវបានប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសកោតស្ញប់ស្ញែងយ៉ាងខ្លាំង ដោយក្នុងនោះឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញមោទនភាពយ៉ាងក្រៃលែងចំពោះកញ្ញា Kon Ant ផងដែរ ។

ដោយតាមរយៈបណ្ដាញសង្គមឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand» ៕

Leave a Reply

Your email address will not be published. Required fields are marked *