បន្ទាប់ពីបានស្ងប់ស្ងាត់ពីផលិតកម្មរយៈពេលប៉ុន្មានឆ្នាំ ទីបំផុតអតីតតារាចម្រៀងសាន់ដេលោក ជុំ លីណូ រកបានទ្រនំថ្មីហើយ គឺផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ នេះបើយោងការប្រកាសរបស់តារាចម្រៀងរូបនេះកាលពីល្ងាចមិញ ។
ដោយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោក ជុំ លីណូ បានប្រកាសទាំងរំភើបរីករាយថា រូបលោកពិតជាអរគុណទៅដល់ថ្នាក់ដឹកនាំផលិតកម្មហ្គាឡាក់ស៊ីដែលបានមើលឃើញពីសមត្ថភាពរបស់លោក និងបានផ្ដល់ឱកាសសម្រាប់រូបលោកសាងកេរិ៍ឈ្មោះបន្តទៀតនៅលើវិស័យចម្រៀង ។
លោកថា «ពេលវេលា ដែលបងប្អូនរង់ចាំបានមកដល់ហើយ សូមអរគុណ សំរាប់បងប្អូនដែលតែងតែគាំទ្រខ្ញុំបាទរហូតមក និងចង់អោយខ្ញុំស្វែងរកទ្រនំធំមួយដ៏ល្អ ។ ខ្ញុំបាទក៏សូមអរគុណដល់គ្រួសារ galaxy ដែលបានឃើញពីសមត្ថភាពរបស់ខ្ញុំបាទរហូតមក» ។
សូមបញ្ជាក់ថា លោក ជុំ លីណូ គឺជាតារាចម្រៀដ៏មានប្រជាប្រិយមួយរូបកាលពីអំឡុងឆ្នាំ២០១៥ ពោលគឺនៅអំឡុងដែលរូបលោកនៅក្នុងផលិតកម្មសាន់ដេ ។ មានបទចម្រៀងជាច្រើនដូចជា អណ្ដាតម្ដាយអូន, សល់តែផាហំ, ព្រមឱ្យអូនការ ដែលច្រៀងដោយលោក ជុំ លីណូ ធ្លាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ។
យ៉ាងណាក្រោយប្រកាសចូលរួមរស់ក្នុងទ្រនំហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលជាផលិតកម្មឈានមុខគេនៅកម្ពុជា តារាចម្រៀងលោក ជុំ លីណូ ក៏មានបទចម្រៀងដំបូងនៅលើឆានែលយូធូបរបស់ផលិតកម្មនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ។ បទចម្រៀងដំបូងនេះមានចំណងជើងថា «ស្វែងរកធីមខ្លាចប្រពន្ធ» ៕