លោកឧកញ៉ា ណាង ណាន ជាពាណិជ្ជករវ័យក្មេងមួយរួប ដែលតែងតែបង្ហាញនូវសកម្មភាពចូលរួមចំណែកបរិច្ចាគធនធានជួយដល់កិច្ចការសង្គម និងសកម្មក្នុងកិច្ចការជួយដល់វិស័យពុទ្ធចក្រ ពោលគឺការចូលរួមចំណែកកសាងទីវត្តអារាមនានាៗផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះលោកឧកញ៉ា ណាង ណាន និងលោកជំទាវ តាន់ សុផារី បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ១៥០០០ដុល្លារ រួមចំណែកកសាងវត្តវេឡុវ័នរង្សីបារមីតាងែត ស្ថិតនៅក្នុងភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលទីវត្តនេះជាអតីតទីទូលសម្រាប់កប់សាកសពនៅក្នុងសម័យ ប៉ុល ពត។
ថវិកាចំនួន ១៥០០០ដុល្លារ ខាងលើនេះ ត្រូវបានប្រគេនដល់ព្រះសង្ឃ គង់ សំអូន ដែលគង់ក្នុងវត្តវេឡុវ័នរង្សីបារមីតាងែត ស្ថិតនៅក្នុងភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តដូចជា ឧបដ្ឋានសាលា និង កុដិជាដើម។ ក្នុងនោះ លោកឧកញ៉ា ណាង ណាន ក៏បានជូននូវថវិកាមួយចំនួនទៀតសម្រាប់ជូនដល់លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីផងដែរ។
យ៉ាងណាមិញ ក្រោយពីបានប្រគេននូវបច្ច័យចូលរួមចំណែកក្នុងពុទ្ធសាសនារួច និងដោយមើលឃើញថា វត្តវេឡុវ័នរង្សីបារមីតាង៉ែត ខាងលើនេះនៅតែមានការខ្វះខាត លោកឧកញ៉ា ណាង ណាន បានធ្វើការអំពាវនាវដល់សប្បុរសជនបន្ថែមទៀត ដើម្បីជួយចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តមួយនេះផងដែរ។
លោកឧកញ៉ា ណាង ណា បានរំលឹកថា វត្តវេឡុវ័នរង្សីបារមីតាង៉ែត ទើបតែកសាងឡើងរយៈពេល ៦ឆ្នាំប៉ុណ្ណោះ ដែលដំបូងឡើយវត្តនេះស្ថិតនៅលើទីទួលតូចមួយ ក្រោយមកលោកបានមូលមតិគ្នាទិញដីស្រែដើម្បីកសាង រហូតអភិវឌ្ឍន៍បន្តបន្ទាប់មកដល់សព្វថ្ងៃ។ នាពេលចប្ចុប្បន្នកំពុងមានការខ្វះខាតបន្ថែមទៀត ព្រោះជាទីវត្តទើបកសាងឡើង នៅខ្វះសមិទ្ធផលជាច្រើនទៀត ដើម្បីបង្ករលក្ខណៈងាយស្រួលសម្រាប់លោកយាយលោកតាពុទ្ធបរិស័ទចុះណុះជើងវត្តធ្វើបុណ្យទាន។
គួរបញ្ជាក់ថា លោកឧកញ៉ា ណាង ណាន ជាអ្នករកស៊ីវ័យក្មេងមួយរូប ដែលបាននាំចូលវិស័យជំនួញពីប្រទេសថៃមកកម្ពុជា។ បច្ចុប្បន្នលោកកំពុងជោគជ័យក្នុងវិស័យទេសចរណ៍ជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ (NAN PI Travel Tour)។ លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សព្វព្រះរាជហរទ័យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដោយលោកមានសកម្មភាពជាច្រើនក្នុងកិច្ចការជួយសង្គម។
បន្ទាប់ពីទទួលបានគោរពងារដ៏ខ្ពង់ខ្ពស់ថ្លៃនេះហើយ លោកឧកញ៉ាហាក់កាន់តែសកម្មក្នុងកិច្ចកាជួយដល់សង្គមជាតិ ជាពិសេសជួយដល់ពលរដ្ឋដែលជូបការលំបាកក្នុងជីវភាពជាដើម ព្រមទាំងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕