ម្សិលមិញនេះ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បង្ហាញការអន់ចិត្តខណៈដែលជូនភរិយា ទៅច្រៀង Concert មួយកន្លែងនៅខេត្ត សៀមរាប តែត្រូវបានសន្តិសុខអ្នកកាន់ស្តង់ ហាមមិនឲ្យឡានរបស់លោកចូល បើទោះបី ជាខាងអ្នកដឹកនាំកម្មវិធី មកសុំជាច្រើនដងក៏ដោយនៅតែមិនមានការអនុញ្ញាត ។ ដោយបុរសជាសន្តិសុខរូបនោះ អះអាងថានេះជាបញ្ជារបស់មេ។
យោងតាមសំណេររបស់លោក ឃុំ ប៉ុណ្ណាដែត បានសរសេររៀបរាប់ថា៖ ទើបជួបក្នុងការប្រគុំតន្រី្តមួយកន្លែង ហេតុអ្វីបានជាមិនអោយឡានអ្នកចម្រៀងចូល ខ្ញុំចង់បានមូលហេតុអោយសមរម្យអោយខ្ញុំបានយល់ផង ។ ប្អូនម្នាក់នេះបានចេញគោលការ មិនអោយឡានចូលដាច់ខាត ទោះជាឡានអ្នកចម្រៀងក៏ដោយ គាត់បាននិយាយថាបញ្ជាពីមេ ទោះបីខាងអ្នកដឹកនាំកម្មវិធីមកសុំក៏ដោយ ។ ជាទូទៅក្នុងកម្មវិធីនិមួយៗគឺមានតាមផ្នែកផ្សេងគ្នា ខ្ញុំចង់និយាយសំដៅទៅលើអ្នកទទួលខុសត្រូវបើកច្រកចេញចូលតែមួយគត់ ។
លោក បន្តថា ខ្ញុំបានចុះពីលើឡានមកសុំ ២ដងក៏មិនអោយចូល គេថានេះជាបញ្ជាមេគេ ខ្ញុំពិតជាចង់ជួបមេគេហ្នឹងណាស់ អោយគាត់អោយហេតុផលមួយដ៏សមរម្យលើគោលការបញ្ជាដាច់ខាត់មួយនេះ ។ ខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំ ដែលបានប្រគល់សិទ្ធិជូន ទូរទស្សន៏ ក្នុងការប្រគុំតន្ត្រីមួយនេះលោកមិនបានដឹងពីថ្នាក់ក្រោមដែលចេញគោលការបែបឆ្កួតលីលានេះឡើយ (មិនមែនតែឡានពួកខ្ញុំទេ សូម្បីតែឡានផ្សាយរបស់ទូរទស្សន៏ក៏មិនអោយពួកគាត់ចូលដែរ នេះតាមអ្វីដែលពួកគាត់បានប្រាប់ លុះត្រាមានការសម្របសម្រួល) ។
លោក ឃុំ ប៉ុណ្ណាដែត បញ្ជាក់ថា ភរិយាខ្ញុំ យក់ ថិរដ្ឋា គឺត្រូវបានអញ្ជើញមកច្រៀង មិនមែនមកសុំច្រៀងទេភរិយាខ្ញុំត្រូវរៀបចំខ្លួន និងផ្លាស់ប្តូរសំលៀកបំពាក់ដើម្បីចេញសម្តែង ដោយពេលវេលានៅសល់គៀកនឹងម៉ោងច្រៀងទៅហើយអ្នកគ្រប់គ្រង មកសម្របសម្រួលហើយក៏នៅតែមិនអោយចូលដែរ។
ជាមួយគ្នានោះ លោក ឃុំ ប៉ុណ្ណាដែត ក៏បាន សូមសំណូមពរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ឲ្យមេត្តាជួយមើល ដល់បុគ្គលិកថ្នាក់ក្រោមផង កុំអោយធ្វើទង្វើបែបនេះហើយអោយតម្លៃអ្នកចម្រៀងផងព្រោះមកច្រៀងនេះដើម្បីបម្រើប្រយោជន៏ក្រុមហ៊ុនទេ និងសុំអភ័យទោសចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន បើមានការលើសលស់ត្រង់ណា ព្រោះលោក គិតថាថ្នាក់ដឹកនាំគឺមិនចង់បានបុគ្គលិកបែបនេះឡើយ ដែលធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនទាំងមូលសំណេរនេះវាពិតជាវែងបន្តិច តែដោយសារការអន់ចិត្ត៕