កាលពីពេលថ្មីៗនេះ ស្ថាប័ន Miss Grand Cambodia បានធ្វើការដឹកនាំបេក្ខភាពកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៤ ទាំងអស់ ទៅកាន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ខេត្តសៀមរាប ដោយបានបង្ហាញនូវសម្លៀកបំពាក់ និងក្បាច់គុនល្បុក្កតោបុរាណខ្មែរ យ៉ាងអស្ចារ្យ។
ការលើកយកក្បាច់គុនល្បុក្កតោមកធ្វើការបង្ហាញ ពីសំណាក់បេក្ខភាពកញ្ញាឯក ២០២៤ ខាងលើនេះ គឺដើម្បី ការពារ ថែរក្សា និងផ្សព្វផ្សាយឱ្យកាន់តែសុះសាយពេញពិភពលោក ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗទៀតបានស្គាល់ បានយល់ដឹង។
យ៉ាងណាមិញ នៅក្នុងឱកាសនោះ កញ្ញាឯកកម្ពុជា ២០២៤ ទាំងអស់ក៏បានធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងផ្លូវនាវាចរណ៍ព្រែកជីក «ហ្វូណនតេជោ» ដែលជាគម្រោងមួយនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗផងដែរ ។
យោងតាមការបង្ហោះនៅទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ Miss Grand Cambodia បានឱ្យដឹងថា «ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា រួមទាំងបេក្ខភាពទាំងអស់ ក្នុងនាមជាពលរដ្ឋខ្មែរ សូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងផ្លូវនាវាចរណ៍ព្រែកជីក «ហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ពីទន្លេទៅសមុទ្រ។ តាមរយៈគម្រោងព្រែកជីកនេះ វានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា និងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅថ្ងៃខាងមុខផងដែរ»។
សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រ ព្រែកជីក «ហ្វូណនតេជោ» នេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕ ទស្សនាវីដេអូខាងក្រោម៖