តារាចម្រៀង ខាន់ ជែមស៍ ប្រកាសបរិច្ចាគថវិកា២០លានរៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា លោក ខាន់ ជែមស៍ បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន លោក ខាន់ ជែមស៍ បានចូលរួមថវិកាក្នុងការកសាងចំនួន ២០លានរៀល ។

យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង ។

ជាមួយនឹងការជូនដំណឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *