អតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា បានធ្វើអ្នកគាំទ្រក៏ដូចអ្នកសិល្បៈជាច្រើនភ្ញាក់ផ្អើលបន្ទាប់បានឃើញអតីតតារាស្រីរូបនេះបង្ហោះរូបមួយសន្លឹកនៅលើបណ្តាញសង្គម កំពុងដេកនៅលើគ្រែពេទ្យជាមួយនឹងសម្លៀកបំពាក់អ្នកជំងឺអមដោយសំណេរគួរឱ្យព្រួយបារម្ភ ។
តាមរយៈរូបភាពដេកលើគ្រែដែលបង្ហោះកាលពីម្សិលមិញ អ្នកនាង ដាញ់ ម៉ូនីកា បានសរសេររៀបរាប់ថា អ្នកនាងនឹងត្រូវធ្វើការវះកាត់បន្ទាន់ដោយប្រើពេលរហូត៤ម៉ោង ប៉ុន្តែអ្នកនាង មិនបានបញ្ជាក់ទេថា ការចូលមន្ទីរពេទ្យរហូតឈានដល់វះកាត់នេះដោយសារតែជំងឺ ឬគ្រាន់តែជាការកែសម្ភស្សឡើយ ពោលគឺតួអង្គនាងទាវគ្រាន់តែរៀបរាប់ថា «ខ្ញុំត្រូវធ្វើការវះកាត់៤ ម៉ោងសង្ឃឹមថាការវះកាត់ជោគជ័យសូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក ។ អរគុណច្រើន» ។
បន្ទាប់ពីបានឃើញ នូវបង្ហោះរបស់ អ្នកនាង ដាញ់ ម៉ូនីការ ត្រូវចូលបន្ទប់វះកាត់ដូច្នេះភ្លាម គេសង្គេតឃើញថាមិត្តៗសិល្បករ និង មហាជនជាច្រើនបានចូលទៅបញ្ចេញមតិជូនពរឱ្យការវះកាត់របស់នាងទទួលបានជោគជ័យ និង ឆាប់ជាសះស្បើយឡើងវិញផងដែរ ។
យ៉ាងណាបន្ទាប់ពីមានសំណួរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្ដនៅលើបណ្ដាញសង្គម និងបានឆ្លងកាត់ការវះកាត់ដោយជ័យជោគផង នៅព្រឹកមុននេះបន្តិចតួអង្គនាងទាវដ៏ល្បីល្បាញរូបនេះក៏បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតអំពីស្ថានភាពរបស់ខ្លួនថា ពេលនេះនាងបានវះកាត់ដោយជោគជ័យហើយ ខណៈការដែលត្រូវចូលពេទ្យបន្ទាន់នេះគឺអ្នកនាង ដាញ់ ម៉ូនីកា បានឱ្យដឹងថា ដោយសារតែនាងមានជំងឺដុះសាច់ ។
ដោយតាមរយៈសំណេរអតីតតារាសម្ដែងរូបនេះបាននិយាយថា អរគុណដល់ប្ដីសម្លាញ់ដែលបាននៅជិត និងមើលថែអូន ចាំលើកទឹកចិត្តអូន មិនទៅណាឆ្ងាយពីប្រពន្ធ ។ ហើយក៏អរគុណទៅដល់ក្រុមគ្រួសារមិត្តភក្កិបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា ដែលបានព្រួយបារម្ភស្រឡាញ់អាណិតជូនពរនាងខ្ញុំជាច្រើន ហើយមានបងៗជាច្រើនដែលសួរថា តើនាងខ្ញុំកើតជំងឺអ្វីដែរ ។ នាងខ្ញុំសុំឆ្លើយនៅក្នុងការបង្ហោះមួយនេះតែម្ដង គឺនាងខ្ញុំដុះសាច់ត្រូវការវះកាត់ជាបន្ទាន់តែឥឡូវគឺនាងខ្ញុំវះកាត់ជោគជ័យ សំណាងល្អវាជាសាច់ធម្មតាទេ នាងខ្ញុំសុំអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយ ។
សូមរំលឹកថា អ្នកនាង ដាញ់ ម៉ូនីកា គឺជាតួសម្ដែងមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជាង១០ឆ្នាំមុន ។ នាងត្រូវបានប្រជាជនខ្មែរភាគច្រើនស្គាល់ថា ជានាងទាវ បន្ទាប់ពីផ្ទុះការគាំទ្ររឿងទុំទាវដែលសម្ដែងជាមួយលោក ស៊ុក សុភា ។
បើទោះជាយ៉ាងណា ក្រោយកេរ្ដិ៍ឈ្មោះល្បាញល្បីស្ទើរទូទាំងប្រទេស ដាញ់ ម៉ូនីកា ក៏បានឃ្លាតឆ្ងាយពីអាជីពសិល្បៈបន្ទាប់ពីរៀបការ ហើយទៅរួមរស់ជាមួយស្វាមីនៅលើទឹកដីប្រទេសអូស្រ្តាលីយ៉ាងមានសុភមង្គលជាមួយនឹងស្វាមី រួមទាំងកូនទាំងពីរដែលពួកគេកាន់តែចម្រើនវ័យលួតលាស់យ៉ាងល្អ ។ ទោះបីជាបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសជាមួយស្វាមីក៏ពិតមែន តារាស្រីរូបនេះមិនបានបំភ្លេចមាតុភូមិកំណើតនោះទេ តែងបានចេញចូលជារឿយៗមកកាន់ប្រទេសកម្ពុជា ផងដែរ ៕