បន្ទាប់ពីទម្លាយវីដេអូអួលដើម.កដល់ថ្នាក់ទប់ទឹកភ្នែកមិនបាន ព្រោះតែនឹកដល់ឪពុកម្ដាយដែលបានចែកឋានមិនបាននៅជូនពរថ្ងៃពិសេសរបស់ខ្លួន ហេង នរៈកក្កដា ក៏បានបង្ហាញនូវស្នាមញញឹម និងភាពរីករាយដ៏សែនមានក្ដីសុខនៅក្នុងថ្ងៃពិសេសរបស់ខ្លួនជាមួយអនាគតភរិយាជាមន្ត្រីនគរបាលដ៏ស្រស់ស្អាតនៅក្រៅងរង្វង់សិល្បៈ ជាពិសេសគឺចម្រៀងពីរបទដែលលោក ខេម និងលោក គូម៉ា ចម្រៀងជូនពរ ។
ដោយនៅក្នុងកម្មពិធីរបស់តារាសម្ដែង ហេង នរៈកក្កដា នៅយប់មិញនេះគេឃើញមានសិល្បករមួយចំនួនបានចូលរួមអបអរ ក្នុងនោះតារាចម្រៀងលោក ខេម ដែលជាប្រធានក្រុមហ៊ុនបាល់ទាត់តារាកម្ពុជា និងលោក គួម៉ា ជាមិត្តសម្លាប់ក៏បានចូលរួម និងបានច្រៀងចម្រៀងម្នាក់មួយបទជូនដល់ម្ចាស់កម្មពិធីទាំងពីរផងដែរ ។ ចំពោះលោក ខេម បានយកបទសម្រាប់រាំសប្បាយ ប៉ុន្តែចំពោះលោក គួម៉ា វិញបានចម្រៀងមនោសញ្ចេតនាចាស់របស់ខ្លួនមកបកស្រាយ ដែលហាក់ត្រូវចិត្ត ហេង នរៈកក្កដា យ៉ាងខ្លាំង ដោយបទចម្រៀងនោះមានចំណងជើងថា «បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន» ។
ជាមួយនឹងទឹកមុខដ៏សែនមានរីករាយ ហេង នរៈកក្កដា បាននិយាយអរគុណទៅកាន់តារាចម្រៀងលោក គួម៉ា ដែលជាមិត្តដ៏ជិតស្និតថា «អរគុណសម្លាញ់ សំរាប់បទចម្រៀងដ៏សែនមានន័យ» ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញនេះ នៅលើបណ្ដាញសង្គមមានចាប់អារម្មណ៍ខណៈស្ងាត់ៗស្រាប់តែធ្លាយដំណឹងថា តារាសម្ដែងលោក ហេង នរៈកក្កដា ធ្វើពិធីភ្ជាប់ពាក្យជានារីដ៏ស្អាតម្នាក់ ។
ដំណឹងនេះត្រូវបានអ្នកគាំទ្របង្ហាញការសាទរជាច្រើន ហើយក៏ភ្ញាក់ផ្អើលខ្លះផង និងមិនជឿផង ដ្បិតកន្លងមកគេពុំធ្លាប់លឺដំណឹងលោកភ្ជាប់ពាក្យបែបនេះឡើយ គឺមានការភ្ជាប់ពាក្យសម្ដែងក្នុងរឿង ឬMVចម្រៀងតែប៉ុណ្ណោះ ខណៈរូបភាពថ្ងៃពិសេសរបស់សមាជិកក្រុមបាល់ទាត់តារាកម្ពុជាដ៏លេចធ្លោររូបនេះដំបូងឡើយក៏ត្រូវបានទម្លាយដោយមិត្តភ័ក្ដ្រក្នុងរង្វង់សិល្បៈផងដែរ ។
ប៉ុន្តែម្ដងនេះអាចទំនងជាការពិត ព្រោះនៅមុននេះនៅលើបណ្ដាញសង្គមរបស់លោក ហេង នរៈកក្កដា ក៏បានបង្ហោះឱ្យដឹងដែរ ដោយអ្នកសិល្បករជាច្រើនសម្ដែងការសាទរ ។ អ្វីដែលធ្វើឱ្យអ្នកស្គាល់តារាប្រុសសាច់ដុំរូបនេះរំជួលចិត្តឈួលអារម្មណ៍ស្ទើរតែទប់ទឹកត្រាមិនជាប់នោះ គឺនៅថ្ងៃពិសេសរបស់ខ្លួន កក្កដា បាននឹកស្រណោះខ្លួនយ៉ាងខ្លាំង ព្រោះតែមិនបានវត្តមានរបស់អ្នកមានគុណទាំងពីរអង្គុយចាំមើលថ្ងៃពិសេសរបស់ខ្លួន ៕