មិនចង់លឺពាក្យថាតារាអាងសុំជំនួយ! នេន ទុំ សម្រេចបន្តធ្វើរឿងមួយនេះទាំងត្រដាបត្រដួស

តារាចម្រៀងរ៉េប នេន ទុំ ដែលកន្លងមកធ្លាប់តែទទួលបានការកោតសរសើរពីមហាជនថា ជាសិល្បករមួយរូបដែលមិនចេះរញ៉េរញ៉ៃបំពាន ឬប៉ះពាល់អ្នកណា តែមានចិត្តសប្បុរសជួយអ្នកខ្សត់ខ្សោយដោយមិនរើសមុខ ទីកន្លែង ឬមិនថានៅតាមផ្លូវទីសាធាណរៈទីប្រជុំជន ផ្លូវស្តុប ដោយមិនខ្វល់ពីកិត្តិយសជាតារាល្បីនោះ ពេលនេះបានកំពុងត្រៀមបើកសាខាថ្មីគឺរម្មណីយដ្ឋានផ្ទះអ្នកម៉ែនៅភ្នំពេញ និងមានសំណូមពរតូចមួយពីមហាជនគឺចង់ឱ្យមានការចែករំលែកពីដំណឹងនេះ ។

តាមរយៈវីដេអូជាង២នាទីដែលបង្ហោះកាលពីយប់មិញនេះ តារាចម្រៀងរូបនេះបានឱ្យដឹងថា ការបន្តមុខរបរដែលក្ដីស្រម៉ៃទាំងត្រដាបត្រដួសនេះ គឺព្រោះតែមិនចង់លឺពាក្យថា តារាអាងអីតែលើកដៃសុំជំនួយ ដូច្នេះហើយទើបលោកសម្រេចបន្តរបរនេះជាថ្មីម្ដងទៀតនៅទីតាំងវាលស្បូវ បុរីលឹមឈាងហាក់ បន្ទាប់ពីផ្អាកដំណើរការនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោក នេន ទុំ និយាយថា កន្លងមកលោកតែងតែលឺពាក្យថា តារានៅលើឆាកឡូយឆាយណាស់ ហឺហាណាស់ ចុងក្រោយអាងអីលើកដៃសុំលុយពេលឈឺសុំជំនួយ ។ ព្រោះតែពាក្យនេះហើយទើបធ្វើឱ្យលោកមិនហ៊ានសម្រាកទោះបីជាអត់ងងុយ ទោះបីជាត្រូវរាំច្រៀងផង ក៏ឆ្លៀតលក់ប្រហុកផ្អក ហើយថ្ងៃនេះលោកសុំបងប្អូនឱ្យស៊ែរចែករំលែកផង ។

លោក នេន ទុំ ថា ធ្វើជាមនុស្សមិនបាច់ចាំនរណាគេមកជួយយើងនោះទេ គ្មានរនណាមកសោកសៅជាមួយយើងពេលយើងទុរន់ទុរានោះទេក្រៅពីយើងខ្លួនយើង ដូច្នេះហើយទាន់នៅមានកម្លាំងមានដង្ហើមកុំឱ្យគេថាយើងចេះតែមួយ គឺត្រូវប្រឹង ។ ការលើកឡើងរបស់ម្ចាស់បទ «ហោរា» លោក នេន ទុំ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបង្ហាញការគាំទ្រ ក្នុងនោះមិនត្រឹមតែសិល្បករអ្នកជិតស្និតនោះទេ សូម្បីតែលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិជាកម្លាំងចិត្តដល់រូបគេផងដែរថា ការយល់ឃើញបែបនេះ គឺជារឿងដែលត្រឹមត្រូវបំផុត ។

ឆ្លើយតបនឹងមតិយោបល់ល្អៗ និងការលើកទឹកចិត្តផ្ដល់កម្លាំងជាច្រើន នេន ទុំ ក៏បានអរគុណទៅកាន់អ្នកគាំទ្រ និងមហាជនដែលកន្លងមកតែងតែអាណិតស្រលាញ់ និងជួយគាំទ្រស្នាដៃរបស់លោកក៏ដូចជាស្នាដៃរបស់អ្នកម្ដាយរបស់លោកផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *