អតីតកីឡាករជម្រើសជាតិលោក នុប តុលា បានបញ្ជាប់ជីវិតខ្លួនឯងកាលពីថ្ងៃទី១៨ ខែ វិចិ្ចកា ឆ្នាំ២០២៤ កន្លងទៅ ។ មរណៈភាពរបស់ កីឡាបាលទាត់ លោក នុប តុលា បានធ្វើអ្នកគាំទ្រស័យបាលនៅកម្ពុជា ក៏ដូចជាក្រុមកីឡាករ ជាច្រើនសម្តែងការសោយស្តាយគ្រាប់ៗគ្នាផងដែរ ។
អ្វីដែលធ្វើឲ្យមហានជនកាន់អាណិត និងស្រណោះកាន់តែខ្លាំងថែមទៀតនោះ គឺពេលឃើញទិដ្ឋភាពកូនប្រុសរបស់ កីឡាករ នុប តុលា អង្គុយលើភ្លៅម្តាយ ដោយការស្រែកដង្ហើយហៅរកលោក នុប តុលា ដែលជាឪពុករយៈពេលថ្ងៃជាប់គ្នា ដែលមិនឃើញលោកឪពុកវិលត្រឡប់ផ្ទះ ទាំងដែលមិនដឹងថាឪពុកបានបាត់បង់ជីវិតទៅហើយ ។
មិនតែប៉ុណ្ណោះ សូម្បីតែ ភរិយា លោក នុប តុលា ក៏បានបង្ហោះសារ និយាយារៀបរាប់ទាំអារម្មណ៍ក្តុលក្តួលកាន់ដួង វិញ្ញាណក្ខន្ធ លោក នុប តុលា ដែលជាស្វាមី ថា ៖ ប្រពន្ធនៅតែនឹកស្មានមិនដល់ហេតុអ្វីប្តីសំរេចចិត្តបែបនេះ កូនសួររកប៉ាៗរហូត ប្តីមានលឺកូនហៅទេ ប្តីទៅបាត់ចោលប្រពន្ធកូនទាំងបែបនឹង តើរាល់យប់បានអ្នកណានាំកូនគេង អោបកូនដូចរាល់យប់ បងក៏ដឹងថាកូនត្រូវការបងប៉ុណ្ណា ប្រពន្ធសុំទោសគ្រប់យ៉ាងកូនយើងនៅតែនិយាយថាប៉ាៗអូនទៅហាត់បាល់ ប្រពន្ធសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ ប្តី នុប តុលា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។
សូមបញ្ជាក់ថា៖ កីឡាករបាលទាត់ លោក នុប តុលា បានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានរកឃើញសពនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះអន្លង់ចិន។ ដោយមុនពេលលោត ទឹកសម្លាប់ខ្លួន លោក នុប តុលា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «រូបលោកសោកសា្តយអ្វីដែលលោកធ្វើគឺកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេរ្តិ៍ឈ្មោះខ្លួលឯង និងគ្រួសារ ពេលនេះរូបលោកលាអ្នកទាំងអស់គ្នាហើយRip សុំទោសប្រពន្ធសម្លាញ់ និងកូន ប៉ាម៉ាក់»។ ក្រោយមានការបង្ហោះនេះ ក្រុមគ្រួសាររបស់លោក នុប តុលា បានចេញស្វែងរករូបគេ រហូតប្រទះឃើញ ម៉ូតូ ស្បែកជើង និងទូរសព្ទ នៅម្តុំស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក នុប តុលា ជាអតីតយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងបានមកលេងក្រុមធំព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១៣ ដល់២០២០ មុនពេលផ្លាស់ទៅក្លិបណាហ្គាវើលដ៍ រដូវកាល២០២១-២០២២ និងក្លិបគិរីវង់សុខសែនជ័យ ក្នុងឆ្នាំ២០២៣ ហើយចុងក្រោយនៅក្រុមបាល់ទាត់សមាគមក្រសួងមហាផ្ទៃ។
កីឡាកររូបនេះបានជាប់យុវជនជម្រើសជាតិកម្ពុជា រហូតដល់ក្រុមធំចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ លោកជាកីឡាករម្នាក់ដែលអាចលេងបានទាំងខ្សែការពារ និងខ្សែប្រយុទ្ធ។ តែយ៉ាងណាពេលនេះ យើងក៏លែងបានឃើញ កីឡាករដ៏ឆ្នើមរូបនេះ បង្ហាញខ្លួននៅលើទីលានវាលស្មៅតទៅទៀតហើយដោយលោកឃ្លាតឆ្ងាយពីអ្នកគាំទ្រគ្មានថ្ងៃត្រឡប់ ។ ជាចុង ក្រោយ សារព័ត៌មាន “តារាញូស៍” ក៏សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ លោក នុប តុលា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕