ទោះបែកគ្នាហើយក្ដីតែអ្នកនាង សុទ្ធ បញ្ចកា នៅតែបង្ហាញការសាទរ និងរំភើបរីករាយជាមួយនឹងភាពជោគជ័យរបស់អតីតគូស្នេហ៍គឺតារាសម្ដែងលោក អេដវីន ដែលបានសម្រេចក្ដីស្រម៉ៃនៅឆាកអន្តរជាតិម្ដងទៀត ។
ដោយថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមស្រាប់តែមានការមានការចាប់អារម្មណ៍ ក្រោយឃើញអ្នកមេម៉ាយ សុទ្ធ បញ្ចកា បង្ហោះរូបភាពស្និតស្នាលជាច្រើនសន្លឹកជាមួយអតីតគូស្នេហ៍គឺតារាសម្ដែង អេដវីន ស្របពេលដែលតារាប្រុសនេះ កំពុងចូលប្រកួតកីឡាសាច់ដុំនៅលើឆាកអន្តរជាតិ ។ មិនតែប៉ុណ្ណោះ អ្នកនាង សុទ្ធ បញ្ចកា ក៏បានបង្ហាញអារម្មណ៍រំភើរីករាយ ដែលបានឃើញអតីតគូស្នេហ៍ បានបំពេញក្តីស្រម៉ៃបែបនេះ ។
អ្វីដែលអ្នកនាង សុទ្ធ បញ្ចកា រំភើបបំផុតនោះ គឺបានឃើញមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ បានបំពេញក្តីស្រម៉ៃ ចូលរួមប្រកួតកីឡាសាច់ដុំបានដូចបំណង។ ដោយក្នុងនោះ អ្នកនាង សុទ្ធ បញ្ចកា បាននិយាយថា ៖ កាលពីមុនស្គាល់គ្នាជាមួយអ្នកនាង លោក អេដវីន មានបំណងប្រាថ្នាទៅប្រលង បែបប្រកួតសាច់ដុំបែបនេះតាំងពីក្មេង ហើយលោកក៏ធ្លាប់ទៅប្រកួត កាលពី 8-9 ឆ្នាំមុនម្តងមកហើយ ដោយ អេវីន ក៏បានតាំងចិត្តថា នឹងប្រកួតម្តងទៀតនៅពេលដែលរូបលោកពេញរូបពេញរាង ។
អតីតភរិយាថៅកែផលិតកម្មភាពយន្ដដ៏ធំនៅក្នុងស្រុករូបនេះបានបន្តថា ក្រោយពេល អេដវីន បានមកស្គាល់នាង ហើយនាងក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តសាចដុំ ទើប អេដវិន សម្រេចិត្តបោះបង់ក្តីស្រម៉ៃខ្លួនឯងចោល រួមទាំងការងារសិល្បៈ គ្រប់យ៉ាងដោយសារ ការសន្យារបស់ អេដវិន គឺត្រូវមើលថែមនុស្សដែលខ្លួនស្រលាញ់ឲ្យបានល្អ បំផុត ។ តែដោយសារ អេដវិន រើសមនុស្សដែលគាត់លះបង់ខុស ទើបលោកត្រូវខាតពេលយឺតក្នុងការបំពេញបំណងប្រាថ្នាទើបបានបំពេញវា ។ នេះជាសម្ដីរបស់ស្រីស្អាត សុទ្ធ បញ្ចកា ។
ទោះជាយ៉ាងណាពេលនេះ នាងក៏រីករាយនៅពេលបានឃើញមនុស្សដែលធ្លាប់ស្រលាញ់បានសម្រេចបំណង និងក្តីស្រម៉ៃបែបនេះ ។ ក្នុងនោះ អ្នកនាង បញ្ចកា បាននិយាយថា ៖ អូនរីករាយ ដែលបងបានបំពេញបំណងប្រាថ្នារបស់បងទាំងអស់ ដែលបងចង់ធ្វើ ជូនពរបងនឹងបានអ្វីដែលចង់ធ្វើបន្តបន្ទាប់ទៀត គិតទៅខ្ញុំចង្រៃពិតៗបំផ្លាញការស្រលាញ់ ក្តីស្រម៉ៃ អនាគតគ្នារាប់ឆ្នាំ ចុងក្រោយផិតគេដដែល ។
សូមរំលឹកថា អេដវីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបាត់មុខពីអាជីពសិល្បៈជាច្រើនខែកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២១ បន្ទាប់ពីមានរឿងរ៉ាវរង្គោះរង្គើជាមួយអតីតគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា រហូតឈានដល់ប្រើប្រាស់អំពើហិង្សា ។ តែបន្ទាប់ពីរឿងរ៉ាវស្ងប់ស្ងាត់ទៅវិញ អ្នកទាំងក៏បានអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងរាប់អានគ្នាជាមិត្តភក្ដិធម្មតា ៕