កាលពីពីរថ្ងៃមុននេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងកញ្ញា វី ឌីណែត ដែលគេស្គាល់ថាជាកូនស្រីបន្តវេនរបស់តារាចម្រៀងជើងចាស់ចាស់រហស្សនាមអធិរាជសំនៀងស្អកលោក ហួរ ឡាវី បង្ហាញរូបភាពដូចមានផ្ទៃពោះ ។
ពិតណាស់កន្លងមកគេដឹងយ៉ាងច្បាស់ថា អតីតតារាចម្រៀងហង្សមាសរូបនេះមិនទាន់រៀបការ ឬមានស្វាមីឡើយ ប៉ុន្តែស្រាប់តែសុខៗ វី ឌីណែត ទម្លាយរូបភាពពិនិត្យផ្ទៃពោះបង្ហាញសញ្ញា Positive ដែលបញ្ជាក់ថាកំពុងមានផ្ទៃពោះ ធ្វើឱ្យអ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងឿងឆ្ងល់ មិនតែប៉ុណ្ណោះមានបណ្ដាញសង្គមជាច្រើនបានយកទៅផ្សព្វផ្សាយអបអរព្រោងព្រាតថែមទៀតផង ។
បើទោះជាយ៉ាងណាមកដល់ពេលនេះកញ្ញា វី ឌីណែត មិនទាន់បានបញ្ជាក់ឡើយ ប៉ុន្តែបើតាមមតិមួយចំនួននៅលើខមិនបានលើកឡើងថា កូនស្រីលោក ហួរ ឡាវី រូបនេះមិនមែនមានផ្ទៃពោះឡើយ ដោយរូបភាពដែលនាងបង្ហោះនោះទំនងគ្រាន់តែជារូបភាពក្នុងការសម្ដែងណាមួយ ឬគ្រាន់តែជា MV ថ្មីរបស់នាងតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បន្ទាប់ពីបានជ្រកកោណក្រោមទ្រនំហង្សមាសជាច្រើនឆ្នាំ វី ឌីណែត ដែលជាកូនស្រី និងជាអ្នកបន្តវេនពីលោក ហួរ ឡាវី ក៏បានសម្រេចដើរចេញមកធ្វើជាតារាចម្រៀងឯករាជវិញម្ដង ។ ការចាកចេញរបស់ ឌីណែត គេមិនដឹងថា ដោយសារតែមូលហេតុអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែអាចទំនងមកពីនាងមិនចង់បន្តកុងត្រាថ្មី ដើម្បីសាកល្បងធ្វើជាតារាចម្រៀងឯករាជម្ដង ។
បើតាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលកន្លងកញ្ញា វី ឌីណែត បានបញ្ជាក់ថា បន្ទាប់ពីចេញទ្រនំចាស់នាងបានបញ្ចេញស្នាដៃដោយខ្លួនឯងចំនួន១បទហើយ គឺបទ ស្រលាញ់គេម្នាក់ឯងឈឺបែបនេះហើយ ដែលបង្ហោះនៅលើឆានែលរបស់នាងផ្ទាល់ ។ យ៉ាងណាស្នាដៃថ្មីដំបូងរបស់កញ្ញា វី ឌីណែត ក៏មិនទាន់ទទួលបានការគាំទ្រខ្លាំងឡើយ ប៉ុន្តែបើតាមការបញ្ជាក់កញ្ញាក៏កំពុងតែត្រៀមបញ្ចេញMVនាពេលឆាប់ៗនេះផងដែរ ហើយរូបភាពដែលទម្លាយថា នាងមានផ្ទៃពោះដែលកំពុងមានការចាប់អារម្មណ៍ និងការងឿងឆ្ងល់ពីសំណាក់អ្នកលេងបណ្ដាញសង្គមមួយចំនួននេះ ក៏ទំនងជារូបភាពនៃប្លង់មួយនៅក្នុងMVថ្មីរបស់នាងក៏អាចថាបានដែរ ៕