តារាចម្រៀងរ៉េបជួរមុខលោក ងួន ចាន់ដេវីត កាលពីយប់មិញនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានទម្លាយអារម្មណ៍មួយតាមរយៈ Status ហាក់បីដូចជាកំពុងមានរឿងអ្វីមួយចំពោះរូបលោក ជាពិសេសគឺពាក្យសម្ដីមួយឃ្លាចុងក្រោយដែលលោកបាននិយាយថា បាត់ទំនុកចិត្ត ។
ពិតណាស់ជាច្រើនឆ្នាំនៅលើវិថីសិល្បៈ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា តារាចម្រៀងឯករាជមិនមានទ្រនំទំជាខ្នងបង្អែកលោក ងួន ចាន់ដេវីត មានភាពលេចធ្លោខ្លាំងមិនធម្មតាទេ និងបានសាងនូវស្នាដៃសិល្បៈសហសម័យជាច្រើនបន្តបន្ទាប់ ។ តួយ៉ាងក្នុងឆ្នាំ២០២៤នេះ ម្ចាស់បទ រាំញីកែងជើង និងភរិយាម្ចាស់បទ វីរៈនារី អ្នកនាង ទេព បូព្រឹក្ស បានរួមចំណែកលើកស្ទួយវប្បធម៌ជាតិតាមរយៈការនិពន្ធចម្រៀង និងព្រឹត្តិការណ៍លើកស្ទួយវប្បធម៌ ដែលមិនធ្លាប់មានសិល្បករសិល្បការិនីរូបណាធ្វើនោះឡើយ ។
ភាពអស្ចារ្យដែលរំលេចនូវប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌ខ្មែរពោរពេញដោយអត្ថន័យទាំងអស់នេះ បានធ្វើឱ្យកេរ្ដិ៍ឈ្មោះលោក ជី ដេវីត កាន់តែទទួលបានការចាប់អារម្មណ៍ និងកាន់តែមានការគាំទ្រ ស្ងើចសរសើរចំពោះសមត្ថភាពរបស់លោក ។ ភាពខ្លាំងដែលអាចឈរលើវិថីសិល្បៈដោយខ្លួនម្នាក់ឯងគ្មានខ្នងបង្អែកដូចសិល្បករចម្រៀងដទៃផ្សេងៗនោះ ក៏បានធ្វើឱ្យម្ចាស់ក្រុមហ៊ុនធំៗជាបន្តបន្ទាប់ផ្ដល់ទំនុកចិត្ត និងចូលរួមគាំទ្រជម្រុញដល់សិល្បករផ្នែកចម្រៀងសហសម័យទោលរូបនេះផងដែរ ។
យ៉ាងណាទន្ទឹមនឹងអាជីពសិល្ប:កាន់តែជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន:ហើយនោះ ជី ដេវីត ស្រាប់តែទម្លាយអារម្មណ៍យ៉ាងចម្លែកថា នៅអំឡុងឆ្នាំ២០២៤ លោកបានគ្រប់យ៉ាង ប៉ុន្តែបាត់របស់មួយគឺទំនុកចិត្ត ។
ទោះបីយ៉ាងណា លោកមិនបានបង្ហើបឱ្យដឹងទេថា លោកមានការខកបំណង ឬអន់ចិត្តនឹងរឿងអ្វីនោះឡើយ ដោយ G-Devith គ្រាន់តែបានបញ្ជាក់ខ្លីតាមរយៈ Status ថា «ឆ្នាំ២០២៤ បានគ្រប់យ៉ាង តែបាត់របស់មួយគឺទំនុកចិត្ត តែរឿងនេះ ខ្ញុំមិនមែនអ្នកខាតទេប្រហែលអាចជាគេអ្នកខាតច្រើនជាង ជូនពរសំណាងល្អ ៕