តារាកំប្លែង នាយ ព្រីង ដែលបងប្អូនមហាជនចូលចិត្តទស្សនាកំប្លែង ល្ខោនបាសាក់ ប្រាកដជាបានស្គាល់តារារូបនេះ ដោយលោកបានចំណាយពេលនៅលើវិថីសិល្បៈសឹងតែពេញមួយជីវិតរបស់លោក ដោយលោកមិនដែលត្អូញត្អែរពីការងារសិល្បៈថា លំបាក ឬជានឿយហត់នោះទេ ។ ប៉ុន្តែក្រោយមកលោកក៏បានឃ្លាតឆ្ងាយពីសិល្បៈ ដោយធ្លាក់ខ្លួនឈឺ ។
ដោយរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយដែលតារាកំប្លែង និងជាតួអង្គយក្សល្ខោនបាសាក់នាយ ព្រឹក បានបាត់ពីសិល្បៈនេះដែរគឺដោយសាររូបលោកមានជំងឺទឹកនោមផ្អែមនៅក្នុងខ្លួនរបស់លោករាំវ៉ៃជាច្រើនឆ្នាំមកហើយ។ អ្វីដែលគូរឱ្យស្តាយបំផុតនោះ នៅក្នុងពេលនេះ អតីតក្រុមកំប្លែងជាមួយនាយ កុយ រូបនេះត្រូវបង្ខំចិត្តកាត់ជើងឆ្វេងមួយចំហៀងខាងក្រោម ដោយសារជំងឺទឹកនោមផ្អែមបានរាលដាល់ខ្លាំង ។
តាមរយៈបទសម្ភាស៍ជាមួយ លោក សាវីន ហ្វីលីព នាយ ព្រីង បានឱ្យដឹងថា លោកបានកើតជំងឺទាំងអស់នេះជាង១០ឆ្នាំមកហើយ ប៉ុន្តែស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្នុងពេលដែលកត្តាមានជំងឺនេះហើយ ដែលធ្វើឲ្យ លោកបាត់មុខពីសិល្បះបែបនេះ ។
ជាមួយគ្នានោះដែរ កូនប្រុស របស់ នាយ ព្រីង ក៏បាននិយាយថា បច្ចុបន្នក្រៅពីជំងឺ ទឹកនោមផ្អែមហើយនោះឪពុករបស់លោកក៏មាន មួយចំនួនដូចជាលើសឈាម ឡើងអាស៊ីដ និងបេះដូង ហើយទើបតែថ្មីៗដោយអាការៈជំងឺទឹកផ្អែម ធ្វើទុក្ខខ្លាំងរហូតដំបៅជើងរលួយ ដែលតម្រូវឱ្យកាត់ជើងមួយចំហៀងក្រោមជង្គង់បន្តិច ។ កូនប្រុសតំប្លែងរូបនេះ ក៏បានអំពាវនាវទៅដល់សប្បុជន ឱ្យជួយដល់ឪពុករបស់គេផងដែរ ដោយពេលក្រុមគ្រួសារកំពុងមានជីវភាពខ្វះខាត និង ចង់បានរទេសរុញមួយទុកសម្រាប់លោកឪពុកធ្វើមធ្យោបាយក្នុងការធ្វើតំណើរ ។
សូមបញ្ជាក់ថា តារាកំប្លែង នាយ ព្រីង បច្ចុប្បន្ន វ័យ៦៣ឆ្នាំ ដោយរូបលោកត្រូវបានគេស្គាល់ថា ជាតារាកំប្លែងមួយរូបដែលធ្លាប់បង្ហាញវត្តមានសម្តែងជាញឹកញាប់ជាមួយក្រុមកំប្លែងនាយ កុយ និងនាយក្រឹម ហើយលោកធ្លាប់បានចូលសម្តែងនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍បាយ័នផងដែរ ។ ក្រៅពីអាជីពកំប្លែងនោះ នាយ ព្រីង ក៏ជាតួអង្គយក្សល្ខោនមួយរូបផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏បានបាត់វត្តមានពីឆាកសម្តែងនានាទាំងស្រុង ដោយសារតែលោកបានរួមរិតជាមួយនឹងជំងឺជាច្រើនមុខ ៕