តារាកំប្លែងលោក ជុង ជី ហៅ នាយ កុយ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃអស់រយៈ៤ថ្ងៃមកហើយ បន្ទាប់ពីរូបលោកបង្ហោះរូបភាពនៅលើគ្រែពេទ្យ ដោយសារបញ្ហាសុខភាពត្រូវចូលបន្ទប់វះកាត់បន្ទាន់ ខណៈមកដល់ពេលនេះសុខភាពរបស់តារាកំប្លែងជើងចាស់រូបនេះហាក់បានធូរស្រាលវិញ ក្រោយវះកាត់ដោយជោគជ័យ ។
ងាកមកកូនស្រីវិញទោះបីជាពេលនេះឪពុកទទួលការវះកាត់ដោយជោគជ័យក៏ពិតមែន តែនាងនៅតែមានការព្រួយបារម្ភ ត្បិតរយៈ៤ថ្ងៃមកនេះឪពុកមិនបានទទួលទានអ្វីចូលពោះនោះឡើយសូម្បីតែទឹកមួយតំណក់ក៏គ្មាន ។ តាមរូបភាពដែលបានបង្ហោះជាច្រើនជាមួយឪពុក ដែលកំពុងសម្រាកព្យាបាលលើគ្រែពេទ្យនោះ កូនស្រីរបស់នាយ កុយ បាននិយាយថា៖ “ទោះថ្ងៃខាងមុខយ៉ាងម៉េចជំងឺវិវត្តន៍យ៉ាងម៉េចយើងមិនដឹង តែមួយដំណាក់កាលទៅមួយដំណាក់កាលពេលនេះ ប៉ាព្យាយាមហើយ ទឹកមួយតំណក់ក៏មិនបានចូលមាត់៤ថ្ងៃហើយសាកស្រម៉ៃមើល” ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះក្រុមគ្រួសាររបស់តារាកំប្លែងនាយ កុយ នៅមិនទាន់បានបញ្ជាក់ទេថា តារាកំប្លែងរូបមានជំម្ងឺអ្វីនោះទេ ប៉ុន្តែបើតាមការបញ្ជាក់ពីតារាសម្តែងលោក សាវីន ហ្វីលីព ដែលបានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកនេះបានឲ្យដឹងថា នាយ កុយ បានវះកាត់យកដុំសាច់ដែលដុះក្នុងពោះវៀនធំ ។ យ៉ាងណាបើទោះជាបានជោគជ័យក្នុងការវះកាត់ក្ដី ប៉ុន្តែពេលនេះតារាកំប្លែងលោក ជុង ជី ក៏កំពុងស្ថិតនៅក្នុងបន្ទប់ICUនៅទ្បើយ ។
លោក សាវីន ហ្វីលីព បន្តថាខាងគ្រូពេទ្យនៅមន្ទីរពេទ្យ Bangkok ប្រទេសថៃ នឹងជំរាបប្រាប់គ្រួសារនាយ កុយ ក្នុងពេលឆាប់ៗនេះថា ដុំសាច់ដែលវះកាត់នេះជាសាច់កាច ឬក៏ស្លូត ។
នៅលើបណ្តាញសង្គមព្រឹកនេះមិនថា តែមហាជន និងអ្នកសិល្បៈនោះទេ គឺភាគច្រើនបានបង្ហាញក្ដីបារម្ភចំពោះតារាកំប្លែងជើងចាស់លោក ជុង ជី ហៅនាយ កុយ ។ ក្រៅពីព្រួយបារម្ភអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកសិល្បៈបានបង្ហោះសារជូនពរអោយលោកឆាប់បានជាសះស្បើយ និងឆាប់វិលត្រឡប់មកបន្តអាជីពបម្រើអារម្មណ៍ទស្សនិជកបន្តទៀត ៕