ស្របពេលដែលនៅបណ្តាញសណ្តាញសង្គមកំពុងវែកញ៉េក និងរិះគន់ទៅលើភេទទី៣ម្នាក់ដែលបានបង្ហាញសកម្មភាពរំាក្បាច់មិនសមរម្យត្រូវបានបង្ហោះនៅលើបណ្តាញសង្គម នៅរសៀលថ្ងៃពុធនេះតារាចម្រៀងលោក ខេម ក៏បានចេញបង្ហាញការមិនពេញចិត្ត និងប្រកម្មផងដែរ។
តាមរយៈសំណេរដែលបានបង្ហោះនៅបណ្តាញសង្គម ខេម បានរៀបរាប់ថា ប្អូន បងនិយាយត្រង់មិនជាន់ពន្លិចអីទេ បើប្អូនឈប់បានគួរឈប់ទៅ បើប្អូនចង់សប្បាយបែបនេះ មិនហាមប្អូនទេ ប៉ុន្តែគួរស្ងាត់ៗគ្នាប្អូនទៅកុំយកមកបង្ហោះទោះជាប្អូនមិនមែនភេទស្រីចំ ឬមិនចំ បងមិនថានោះទេ ប៉ុន្តែការតុបតែងខ្លួនប្អូននេះបង្ហាញប្អូនជាស្រីហើយ ។
ម្ចាស់បទ ឆារ៉ាក្រមុំបង បន្តទៀតថា ពេលប្អូន ឬមិត្តភ័ក្តិប្អូនយកមកបង្ហោះវាធ្វើឱ្យយប៉ះពាល់តម្លៃសង្គម និងតម្លៃស្ត្រីខ្មែរ ប្រសិនបើប្អូនមិននិយាយខ្មែរ ឬជាជនជាតិខ្មែរនោះបងមិនបញ្ចេញយោបល់នោះទេ តែនេះប្អូននិយាយខ្មែរហើយជាជនជាតិខ្មែរ ឬអាចនិយាយថារាំលើទឹកដីខ្មែរទោះចង់មិនចង់ក៏វាប៉ះពាល់រួចបាត់ទៅហើយ នេះវាពិតជាប៉ះពាល់តម្លៃសង្គមខ្មែរយើងពិតមែន។
ការលើកឡើងរបស់តារាចម្រៀង ខេម ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញការគាំទ្រ ។
តែយ៉ាងណាមុនពេលការតារាប្រុសរូបនេះបញ្ចេញមតិយោបល់ គេក៏ឃើញសាមីខ្លួនដែលបង្ហាញក្បាច់រាំមិនសមរម្យក្នុងថ្ងៃ៨មីនានោះ ចេញមុខបកស្រាយជុំវិញការបែកធ្លាយវីដេអូរំាបែកស្លុយនោះដែរថា ការរូបគេរាំបែបនេះ មិនជាការចង់បំពុលសង្គមអីនោះទេ ដោយពេលរូបគេធ្វើការងារហត់ និងចប់ពីម៉ោងការងារក៏គ្នារាំលេង ជាមួយក្រុមការងារតែប៉ុណ្ណោះ ហើយមិនអ្នកផ្សេងនៅទីនោះដែរ ។
បុគ្គលរូបនេះបន្តថា នៅពេលរូបគេរាំនោះ ម៉ោងជាង១០យប់ទៅហើយ ខណៈនៅពេលផ្សារអ៊ីអន ក៏បានបិទដែរ ដូច្នេះហើយទើបរូបគេរាំលេងសប្បាយធម្មតា បែបលក្ខណៈក្រុមការងារតែប៉ុណ្ណោះ ។ បើទោះជាមានការបកស្រាយយ៉ាងណាក្ដី តែមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅតែមិនត្រជាក់ចិត្ត និងបានរិះគន់បន្ថែមយ៉ាងចាស់ដៃ ដ្បិតគេយល់ឃើញថា ទង្វើបែបនេះគឺជាការធ្វើឱ្យប៉ះពាល់ និងបន្ទាបតម្លៃស្ត្រីខ្មែរ ៕