អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា DUC រៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលខាងមុខ

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា DUC បានរៀបចំកម្មវិធីសង្រ្កាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៦៩ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ព្រមទាំងនិស្សិតជាច្រើនរូប ក្រោមអធិបតីភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥។

កម្មវិធីអបអរសាទរសង្រ្កាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ឬ«សង្ក្រាន្តDUC»ដើម្បីបង្កើនភាពសប្បាយរីករាយ និងចូលរួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ មានការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អមចងខ្សែ វាយក្អមផ្ទាល់ដី រាំវង់ទូលក្អម ស្វាដណ្ដើមស្លឹកឈើ លាក់កន្សែង លោតអន្ទាក់ ស្ដេចចង់ និងដណ្ដើមបាល់បោះ ផងដែរ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា ការរៀបចំកម្មវិធីសង្ក្រាន្ត DUC ដែលមានការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរនេះ គឺជាសារមួយដើម្បីបង្ហាញអំពីភាពសិល្បៈចម្រុះនៃមរតកវប្បធម៌ខ្មែរទៅកាន់មហាជន ពិសេសនិស្សិតរបស់សាកលយើង ក៏ដូចជាបង្កើនការចងចាំអនុស្សារីយ៍ប្រកបដោយភាពសោមនស្សរីករាយក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផ្សារភ្ជាប់នឹងការថែរក្សាអត្តសញ្ញាណនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិផងដែរ។

លើសពីនេះ ក៏បានស្តែងឱ្យឃើញអំពីឆន្ទៈរបស់យុវជនជាទំពាំងស្នងឬស្សីក្នុងការស្វែងយល់ ការអភិវឌ្ឍន៍ និងការអភិរក្សនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់ ជាកេរ្តិ៍តំណែលដ៏ឧត្តុង្គឧត្តមពីដូនតាយើង៕

Leave a Reply

Your email address will not be published. Required fields are marked *