មួយរយៈចុងក្រោយនេះអ្នកមេម៉ាយកូនមួយ សេង សុឃីម ដែលគេស្គាល់ថា ជាសង្សារបណ្ដូលចិត្តរបស់តារាចម្រៀងនាយ ចឺម ត្រូវបានគេសង្កេតឃើញថា បង្ហោះសំណេរប្លែកៗជាច្រើន រៀបរាប់ពីរឿងរ៉ាវនៅក្នុងចិត្តប្រៀបដូចជាកំពុងតែមានវិបត្តិអ្វីម្យ៉ាងពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាជាមួយបុរសមុខមានមន្តស្នេហ៍លោក សុខ មេសា ហៅនាយ ចឺម នោះ ។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ អ្នកនាង សេង សុខឃីម បានបង្ហោះសំណេរជាច្រើនបន្តបន្ទាប់គ្នា ហាក់បង្ហាញចំណងស្នេហ៍របស់ពួកគេកំពុងរង្គោះរង្គើរខ្លាំង។ កាលពីម្សិលមិញក្នុងសំណេរមួយនោះ នាងបាននិយាយពីរឿងរ៉ាវខូចចិត្ត ដែលនាងត្រូវបានសង្សារកុហក់ជាច្រើនលើកជាច្រើនសាររហូតក្លាយជាទម្លាប់ ។ អ្វីដែលចាប់អារម្មណ៍ជាងនេះទៀតនោះ នាងនិយាយដល់រឿងចប់គ្នា និងការបើកផ្លូវសង្សារទៅរកមនុស្សស្រីដែលល្អជាងខ្លួនថែមទៀតផង ។
អ្នកមេម៉ាយចាយរាងរូបនេះបានរៀបរាប់ថា៖ «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហក់ឡើងធ្លាប់ ជាទម្លាប់ខ្ញុំតែងចាប់បាន ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រីដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ» ។
ដោយឡែកនៅ៤ថ្ងៃមុនតារាសម្ដែងរូបនេះបានផ្លែផ្កាឲ្យបុរសជាសង្សារ គឺតារាចម្រៀងនាយ ចឺម ថា៖ “កុំខឹងខ្ញុំបើខ្ញុំចាកចេញ តែគួរបន្ទោសខ្លួនឯង ដែលបណ្ដោយឲ្យបាត់បង់មនុស្សស្រីដែលស្រលាញ់ ស្មោះត្រង់ និង អ្នកបំផុត “។ នៅថ្ងៃបន្ទាប់អ្នកមេម៉ាយសាច់សខ្ចីរូបនេះបានសរសេរថា៖ “អូនស្រលាញ់បង តែបើតាមគ្រួសារពេក យើងបែកគ្នា”។
ទោះបីជាសំណេរខាងលើនេះ សេង សុឃីម មិនបានបញ្ជាក់ច្បាស់ក៏ដោយ តែអ្នកប្រើប្រាស់បណ្ដាញសង្គមបានដាក់ការសង្ស័យថា បច្ចប្បន្នស្នេហារបស់អ្នកទាំងពីរទំនងកំពុងតែជួបរឿងរ៉ាវមិនចុះសម្រុង និងរកាំរកូសគ្នា ។ ម្យ៉ាងទៀត បើតាមការសង្កេត មួយរយៈចុងក្រោយនេះ គូសង្សារដែលធ្លាប់ល្អុកល្អិនឃ្លាតគ្នាមួយជំហានមិនបានផងនោះ ស្រាប់តែប្រែជាស្ងប់ស្ងាត់ និងមិនសូវមានភាពផ្អែមល្ហែមដូចពីមុនទៀតឡើយ ។
ពាក់ព័ន្ធមន្ទិលសង្ស័យខាងលើនេះ តារាញូស៍ នៅមិនអាចសុំការបញ្ជាក់ពីសាមីខ្លួនទាំងពីរបានឡើយ ដោយនៅព្រឹកមិញនេះទូរស័ព្ទរបស់អ្នកនាង សេង សុឃីម ហៅចូលមិនមានអ្នកទទួល ខណៈដែលហ្វេសប៊ុកផេកផ្លូវការរបស់នាងក៏មិនមានការឆ្លើយតប ។ ប៉ុន្តែបើតាមការឆ្លើយជាមួយក្រុមការងារតាមបណ្ដាញតេលេក្រាម តារាស្រីរូបនេះបានបញ្ជាក់យ៉ាងខ្លីថា មានបញ្ហាតិចតួចចង់ប្រាប់ក្រុមការងារ ប៉ុន្តែនាងបានប្ដូរចិត្តឈប់និយាយវិញ។
សូមរំលឹកថា ចំណងស្នេហ៍របស់តារាចម្រៀងមុខមានមន្តស្នេហ៍លោក សុខ មេសា និងអ្នកមេម៉ាយកូនមួយ សេង សុឃីម ត្រូវបានបើកជំហរឱ្យមហាជនដឹងឮអស់រយៈពេលប្រមាណជិត២ឆ្នាំមកហើយ ហើយក៏តែងតែបង្ហាញនូវភាពផ្អែមល្ហែមល្ហុកល្អិនជាមួយគ្នាជាប្រចាំផងដែរ ។
ជាកត់សម្គាល់ក្រោយបើកស្នេហាជំហរជាសាធារណៈគេតែងតែឃើញ សេង សុឃីម តាមប្រកៀកដៃនាយ ចឺម ស្ទើរតែគ្រប់កម្មវិធីមិនថានៅក្នុងរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្ត ប៉ុន្តែអ្នកទាំងពីរពុំដែលបង្ហើបពីរឿងរៀបការនោះឡើយ ។ បើទោះជាយ៉ាងដូច្នេះក្ដី ប៉ុន្មានខែកន្លងទៅតារាចម្រៀងនាយ ចឺម និងអ្នកមេម៉ាយកូនមួយ សេង សុឃីម បានទិញផ្ទះវីឡាតម្លៃខ្ទងសែនដុល្លាររួមគ្នា ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ និងរិតបន្តឹងចំណងស្នេហ៍ឱ្យកាន់ជឿជាក់លើគ្នា៕