កញ្ញា ពេជ្រ ចរណៃ បានឡាយវីដេអូមួយកាលពីយប់មិញនេះដោយបញ្ជាក់ថា ពេលនេះនាងហត់ហើយ ព្រោះការខិតខំ បង្ហាញនូវអត្តសញ្ញាណជាតិ និងអ្វីដែលជាកេរ្កិ៍ដំណែលមរតកដូនតាខ្មែរយើងឲ្យជាតិសាសន៍ដទៃបានស្គាល់មិនត្រូវបានមនុស្សមួយចំនួនលើទឹកចិត្តនោះទេ មានតែការបញ្ចេញមតិត្មះតិះដៀលបំបាក់ទឹកចិត្តរូបនាងទៅវិញ ។
ក្នុងវីដេអូប្រមាណ៤០នាទី សិល្បករិនីរូបនេះបាននិយាយថា ៖ “កន្លងមកទោះបីជាមានគេវៃប្រហាខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំ ស្ងាត់ស្ងៀមបំផុត ខ្ញុំចូលចិត្តបង្ហាញ អ្វីដែលជារឿងល្អ ការងារសង្គម ការងារមនុស្សសធម៌តាំងដើមមក តែហេតុអ្វីក៏នៅតែមានអ្នកតាមជាន់ អ្នកចូលមកបំបាក់ទឹកចិត្ត គ្រប់សកម្មភាពដែលខ្ញុំបានបង្ហាញ ថាខ្ញុំធ្វើខុសតាំងពីខ្ញុំចូលហាត់ល្បុក្កតោមកម្លេះ”។
ពេជ្រ ចរណៃ បានអះអាងថា ប្រសិនបើជាតិសាសន៍គេដទៃគេមកដៀលនាងនោះ គឺមិនសូវជាឈឺចាប់នោះទេ តែអ្វីដែលធ្វើនាងឈឺចាប់បំផុតនោះគឺ ជាពលរដ្ឋខ្មែរគ្នាឯងមួយចំនួន ដែលធ្វើឲ្យរូបនាងចងចាំមួយជីវិត។
ទោះបីជាយ៉ាងណា នាងក៏បានទទួលស្គាល់ថា៖ “ខ្ញុំទទួលស្គាល់ខ្លួនឯងជាមនុស្សស្រីម្នាក់រឹងមាំ ប៉ុន្តែខ្ញុំក៏ចេះបាក់ទឹកចិត្តដែរ នៅពេលអ្វីដែលខ្ញុំខិតខំប្រឹងប្រែងដើម្បីសិល្បៈវប្បធម៌ អរិយធម៌ ដែលជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរ បែជាត្រូវមហាជនមួយចំនួន មកបំបាកទឹកចិត្តមកលើរូបខ្ញុំទៅវិញ”។
ទោះបីជាយ៉ាងណា អ្នកគាំទ្រភាគច្រើនបានពោលសរសើរនូវភាពក្លាហាន និងការតស៊ូរបស់ ពេជ្រ ចរណៃ ក្នុងសកម្មភាពជាច្រើន ដើម្បីបុព្វហេតុការពារវប្បធម៌ជាតិ និងលើកកម្ពស់ផ្សព្វផ្សាយសម្បត្តិទាំងនោះនៅក្នុងកម្រិតជាតិ និងអន្តរជាតិ។ តាមរយៈការជំរុញលើកទឹកចិត្តទាំងនោះ បានក្លាយជាថ្នាំកម្លាំងសក្ដិសិទ្ធិសម្រាប់រូបនាងក្នុងការបន្តសកម្មភាពនេះបន្តទៀត ទោះបីជាមិនអាចជួយឲ្យរូបនាងបានរស់ស្រួល និងសល់លុយកាក់យ៉ាងណាក៏ដោយ។
គួរបញ្ជាក់ដែរ ថាក្រៅតែពីអាជីបជាតារាសម្តែងកញ្ញា ពេជ្រ ចរណៃ ក៏មានអាជីពជាគ្រួបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ ដែលបានជួយផ្សព្វផ្សាយ និងបង្ហាត់បង្រៀនយុវជនកម្ពុជាជាច្រើននាក់ ឲ្យបានស្គាល់ពីមរតកក្បាច់គុនបុរាណខ្មែរថែមទៀតផង។ នាងបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នៅតែតាំងចិត្តឲ្យរឹងមាំ និងនៅតែបន្តផ្សព្វផ្សាយអ្វីដែលជាវប្បធម៌របស់ជាតិបន្តទៀត ហើយនាងនឹងមិនចុះមិនចាញ់ឡើយ ទោះបីជាមានការនិយាយបំបាក់ទឹកចិត្តយ៉ាងណាក៏ដោយ។