បច្ចុប្បន្នគេកត់សម្គាល់ឃើញតារាស្រី៤ដួង បានកំពុងតែចូលរួមយ៉ាងសកម្មជាមួយសកម្មភាពលើកស្ទួយក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរត្រូវបានបន្សល់ទុកពីដូនតាបុព្វបុរស ។
កន្លងមកតារាស្រីទាំង៤រូបនេះបានបង្ហាញនូវឆន្ទៈតែមួយ ដោយខិតបានខំលះបង់ជាច្រើននូវកំម្លាំងកាយចិត្ត និងរូបសម្រស់ ដើម្បីថែរក្សាការពារ និងលើកបង្ហាញមរតកក្បាច់គុនល្បុក្កតោខ្មែរនៅលើបណ្ដាញសង្គមផ្សព្វផ្សាយ ដើម្បីឱ្យកាន់តែសុះសាយនៅលើឆាកអន្តរជាតិ និងជាពិសេសគឺដើម្បីកូនខ្មែរជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់ពីសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយនេះ ។ តើតារាស្រីដែលមានទាំងរូបសម្រស់ និងឆន្ទៈទាំង៤រូបនោះជានរណា ថ្ងៃនេះ តារាញូស៍ នឹងបើកបង្ហាញមុខ និងគាស់កកាយពីសកម្មភាពសមត្ថភាពរបស់ពួកគេ ។
១. តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ
ក្រៅពីមានអាជីពជាតារាសម្ដែងលើវិស័យភាពយន្ដ ពេជ្រ ចរណៃ ក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ និងវប្បធម៌អរិយធម៌ខ្មែរជាច្រើន ។ កន្លងមកតារាស្រីវ័យ២៦ឆ្នាំរូបនេះតែងតែព្យាយាមបង្ហាញ និងផ្សាព្វផ្សាយក្បាច់គុនដ៏ចំណាស់មួយនេះដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់ ជាពិសេសគឺដើម្បីបង្ហាញទៅកាន់ពិភពលោក ។
ក្រៅពីនេះកញ្ញា ពេជ្រ ចរណៃ ក៏ធ្លាប់ប្រឈមមុខ និងប្រតិកម្មជាមួយប្រទេសជិតខាងដែលបានធ្វើការបង្កាច់បង្ខូច ឬលាបព័ណ៌ផ្សេងៗមកលើកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវប្បធម៌អរិយធម៌ និងក្បាច់គុនល្បុក្កតោ ។ ក្រៅពីឆន្ទៈ និងសេចក្ដីក្លាហាននេះស្រីស្រស់សម្បុរសណ្ដែកបាយ ពេជ្រ ចរណៃ ក៏ប្រកាន់ភ្ជាប់គោលជំហរបន្តធ្វើកិច្ចការមួយនេះ បើទោះបីពេលខ្លះការខិតខំដែលស្ទើរតែគ្មានពេលសម្រាកនេះ ត្រូវបានជនអគតិមួយចំនួនតូចព្យាយាមបង្អាក់ដោយការរិះគន់ និងមិនឱ្យតម្លៃក៏ដោយ ។
២. តារាល្បុក្កតោកញ្ញា សំ ថារ័ត្ន
សំ ថារ័ត្ន ក៏មិនខុសគ្នាពីកញ្ញា ពេជ្រ ចរណៃ នោះដែរ កន្លងមកនាងតែងតែបង្ហាញ និងផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរដែលជាមរតកបន្សល់ទុកដោយបុព្វបុរសដូនតាជំនាន់មុនមួយនេះទៅកាន់ពិភពលោក ក៏ដូចជាការចូលរួមបង្ហាត់ដល់យុវជនខ្មែរដែលស្រលាញ់ និងគាំទ្រវិស័យគុនខ្មែរល្បុក្កតោ ។ ក្រៅពីការខិតខំបង្ហាញ និងផ្សាព្វផ្សាយកញ្ញា សំ ថារ័ត្ន ក៏តែងតែអំពាវនាវដល់យុវជនបន្តវេនជួយលើកស្ទួយ និងគាំទ្រដល់វិស័យមួយនេះ ។
សំ ថារ័ត្នធ្លាប់និយាយថា សម័យមុន បុព្វបុរសយើងបានប្រើក្បាច់គុនបុរាណល្បុក្កតោច្បាំងការពារទឹកដី ហើយបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ។ យើងជាយុវជនសម័យថ្មី ខំហាត់ល្បុក្កតោដើម្បីផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធម៌ ជាមួយសិល្បៈក្បាច់គុនដ៏ចំណាស់នេះ ដើម្បីបង្ហាញពិភពលោក ។ បើយើងមិនប្រឹងទ្រទ្រង់ បើយើងមិនថែ យើងនឹងអាចបាត់បង់ទៅម្ដងទៀត ។
៣. តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី
ស្របពេលដែលអាជីពសិល្ប:កំពុងតែមានសន្ទុះទៅមុខនេះ តារាស្រីវ័យ១៩ឆ្នាំ ញឹមសួន សោភាទេពី បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ក្រោយសម្រេចចិត្តដើរលើវិស័យក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ខណៈមានទស្សនិកជនច្រើនចាត់ទុកថា ជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរ ។
បើតាមអ្វីដែល ទេពី ធ្លាប់អះអាងប្រាប់ តារាញូស៍ កាលពីពេលថ្មីៗបច្ចុប្បន្ននាងកំពុងតែហាត់រៀនក្បាច់គុនមួយនេះនៅសាលាគុនល្បុក្កតោ ជ័យ តេជៈ របស់កញ្ញា ពេជ្រ ចរណៃ ។
៤. បវរកញ្ញា រ៉េត សារីតា
ក្រៅពីអាជីពសិល្បៈ អតីតម្ចាស់មកុដបវរកញ្ញាចក្កវាឡ Miss Universe 2020 កញ្ញា បច្ចុប្បន្នក៏បានរំលេចខ្លួនជាមួយការហាត់រៀនលើវិស័យក្បាច់គុនល្បុក្កតោផងដែរ ប៉ុន្តែកញ្ញា រ៉េត សារីតា ពុំសូវបង្ហាញវត្តមានជាមួយអាជីពមួយនេះដូចតារាស្រីប៉ុន្មានដួងខាងលើឡើយ ពោលគឺកញ្ញាផ្ដោតសំខាន់ទៅលើសិល្បៈផ្នែកសម្ដែង និងភាពយន្ដ ៕