តារាស្រីហុងកុងតៃវ៉ាន់នាងShu Qi អាយុ៤៦ឆ្នាំ និងតារាភាពយន្តហុងកុងលោកStephen Fung អាយុ៤៨ឆ្នាំ បានរៀបការនឹងគ្នាមក៦ឆ្នាំហើយ ប៉ុន្តែកម្រឃើញគូភរិយាស្វាមីនេះបង្ហាញមនោសញ្ចេតនារបស់ពួកគេលើបណ្តាញសង្គមអនឡាញណាស់។
ដូច្នេះហើយ នៅពេលតារាស្រីតៃវ៉ាន់បានផុសរូបនៅលើបណ្តាញសង្គមអនឡាញរបស់ខ្លួនជួនពរស្វាមីStephen នៅថ្ងៃខួបកំណើត(៩សីហា) ធ្វើអោយក្រុមអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេ ពេញចិត្តនិងតារាសំណព្វចិត្តទាំង២ដួងរបស់ពួកគេ ចូលរួមចែករំលែកភាពរីករាយ និងការជូនពរយ៉ាងភ្លូកទឹកភ្លូកដី។ ភាពរីករាយរវាងតារាសំណព្វចិត្ត និងក្រុមអ្នកគាំទ្រផុសឡើងពេញបណ្តាញសង្គម។
តារាស្រីតៃវ៉ាន់ Shu Qi បានសរសេរនៅលើបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាមរបស់នាងថា «រីករាយថ្ងៃខួបកំណើត អ្នកដឹកនាំរឿងរូបសង្ហារបំផុត។ ប៉ុន្តែខ្ញុំលឺថា អ្នកនឹងប្តូរអាជីពទៅជាតារាភាពយន្តវិញ ដូច្នេះខ្ញុំជូនពរអ្នកអោយសង្ហាជាងតារាភាពយន្តAndy Lau (ឬ លី តាវហួ)ហើយជំនាញសម្តែងរបស់អ្នកល្អជាង តារាភាពយន្ត Tony Leung ។ Shu Qi បានបញ្ចប់ឃ្លាជូនពរទៅកាន់ស្វាមីរបស់នាង ថា «ហើយអាចទទួលទានអាហារ ស្រា និងធ្វើដំណើរបានច្រើនគ្រប់កន្លែងតាមដែលនាងប្រាថ្នា។ ស្រឡាញ់អ្នក»។
ក្នុងពេលត្រឹមតែ១ម៉ោង ពាក្យជូនពររបស់ Shu Qi ទទួលបានការ likes ប្រហែល២០,០០០ និងការខំមិនជាច្រើន ដែលលើកសរសើរដល់សេចក្តីស្រឡាញ់របស់គូស្វាមីភរិយាមួយគូនេះ។
ក្រុមអ្នកគាំទ្រខ្លះបានបន្ទរបន្ថែមតាមពាក្យជូនពររបស់តារាស្រីShu Qi ថា «ជូនពរខួបកំណើត Stephen ការធ្វើការងារជាអ្នកដឹកនាំរឿង គឺជាការបាត់បង់បុរសរូបសង្ហាម្នាក់»។
តារាភាពយន្តហុងកុង និងជាអ្នកដឹកនាំរឿង លោកStephen Fung ថ្មីៗនេះបានវិលត្រលប់ទៅការសម្តែង ក្នុងភាពយន្តចិនរឿង« Day Breaker» ជាតួអង្គប៉ូលីសម្នាក់។ ភាពយន្តចុងក្រោយរបស់Stephen ស្ថិតនៅឆ្នាំ២០១៥ រឿង « I Am Somebody»។