កំពូលតារាចម្រៀង ខាន់ ជេមស៍ ត្រូវបានប្រកាសជាទូតសុឆន្ទៈផ្លូវការរបស់ «សិរីវុឌ្ឍ ម៉ូតូអគ្គិសនី» ដើម្បីលើកស្ទួយម៉ាកយីហោឈ្មោះខ្មែរគុណភាពកម្រិតកំពូល
ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប និងជាទីមោទនភាពថ្មីមួយបានកើតឡើងនៅក្នុងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា! ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីឈានមុខគេ «សិរីវុឌ្ឍ ម៉ូតូអគ្គិសនី» បានប្រកាសជាផ្លូវការក្នុងការតែងតាំងកំពូលតារាចម្រៀង សម្លេងស្អកផ្អែម លោក ខាន់ ជេមស៍ ធ្វើជាទូតសុឆន្ទៈ (Brand Ambassador) របស់ខ្លួន។
ការចាប់ដៃគូសហការនេះ ធ្វើឡើងដោយមើលឃើញយ៉ាងច្បាស់ពីសមត្ថភាព ទេពកោសល្យដ៏ឆ្នើម និងប្រជាប្រិយភាពដ៏ខ្លាំងក្លាគ្មានស្រពោនរបស់លោក ខាន់ ជេមស៍ ដែលស្របទៅនឹងតម្លៃស្នូល និងភាពរឹងមាំរបស់ម៉ាកយីហោ «សិរីវុឌ្ឍ»។
អ្វីដែលកាន់តែពិសេស និងទាក់ទាញបេះដូងអតិថិជននោះគឺ សាច់រឿងនៅពីក្រោយការបង្កើតក្រុមហ៊ុនមួយនេះ។ តាមការបញ្ជាក់ផ្ទាល់ពីលោក ខាន់ ជេមស៍ បានឱ្យដឹងថា «សិរីវុឌ្ឍ ម៉ូតូអគ្គិសនី» គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនចិន។ ប៉ុន្តែ ដោយសារតែម្ចាស់ក្រុមហ៊ុនរូបនោះមានសញ្ជាតិជាខ្មែរ មានចិត្តស្រឡាញ់ទឹកដី និងវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ និងចង់រួមចំណែកផ្សព្វផ្សាយម៉ាកយីហោខ្មែរទៅកាន់ពិភពលោក ទើបលោកសម្រេចចិត្តដាក់ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរយ៉ាងពិរោះថា «សិរីវុឌ្ឍ» និងបានជ្រើសរើសរូបលោក ដែលជាជនជាតិខ្មែរធ្វើជាទូតសុឆន្ទៈ។
លោក ខាន់ ជេមស៍ បានបន្ថែមថា ម្ចាស់ក្រុមហ៊ុនមានគោលបំណងដ៏ធំធេងមួយ គឺចង់បំបែកផ្នត់គំនិតចាស់ៗ និងលុបបំបាត់ពាក្យចចាមអារ៉ាមដែលគេតែងនិយាយថា «ប្រេនរបស់ខ្មែរមិនល្អ»។ លោកចង់បង្ហាញថា ផលិតផលដែលមានឈ្មោះជាខ្មែរ គឺមានគុណភាពល្អប្រណីតកម្រិតខ្ពស់ អាចល្បីល្បាញទូទាំងប្រទេស និងកសាងទំនុកចិត្តដ៏រឹងមាំជូនដល់អតិថិជនឡើងវិញ។
សូមជម្រាបជូនថា «សិរីវុឌ្ឍ ម៉ូតូអគ្គិសនី» មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរធម្មតានោះទេ ប៉ុន្តែវាគឺជាជម្រើសដ៏វៃឆ្លាតសម្រាប់ជីវិតទាន់សម័យរបស់លោកអ្នក ព្រោះតែវាគឺជាម៉ូតូអគ្គិសនីដ៏ទំនើប ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ផ្តល់នូវការបើកបរប្រកបដោយភាពរលូន និងសន្សំសំចៃខ្ពស់។ ម្យ៉ាងទៀតម៉ូតូទំនើបនេះ ត្រូវបាននាំចូលមកកម្ពុជាដោយការបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់ ១០០% ដែលផ្តល់ទំនុកចិត្តទ្វេរដងដល់អ្នកប្រើប្រាស់៕