បើទោះជាចាប់តាំងពីថ្ងៃចាប់ដៃគ្នាជាប្រពន្ធប្ដីរហូតមានកូនស្ទើរទន្ទឹមខ្លួន តែមិនធ្លាប់លេចឮចចាមអារ៉ាមរង្គើរង្គោះគ្នាយ៉ាងណាក្ដី ប៉ុន្តែស្រីស្អាត ក្វាន់ឌី ភរិយាបំណូលចិត្តរបស់អតីតតារាកំប្លែងលោក សែ ភិន ហៅនាយចយ តែងតែបង្ហាញសំណេរដាក់តឿនប្ដី ។
ជាក់ស្ដែងថ្មីៗនេះស្រីស្អាត ក្វាន់ ឌី បានបង្ហោះបន្តនូវសំណេរមួយផ្ដែផ្ដាំទៅស្វាមី ខណៈសំណេរនោះមិនត្រឹមតែដាក់តឿនដល់នាយ ចយ តែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែបានពញ្ញាក់ស្មារតីបុរសជាប្ដីផ្សេងទៀតឱ្យភ្ញាក់ខ្លួន និងដើរឱ្យឆ្ងាយពីការប្រព្រឹត្តរឿងទាំងអស់នោះ ។
ភរិយានាយ ចយ ស្រីស្អាត ក្វាន់ឌី និយាយថា «ធ្វើខ្លួនជាមួយកូនឱ្យស្អាតៗដើម្បីទុកជាការដាស់តឿនប្តី កុំផឹកច្រើន កុំមានស្រី ព្រោះប្រពន្ធដូចអូន បើមេម៉ាយអត់យូរទេដឹងនៅលោកប្តី» ។
មិនមែនជារឿងថ្មីនោះទេ ពោលគឺភារិយារបស់តារាកំប្លែងខាងលើ តែងបង្ហោះសារដាស់តឿនស្វាមីអ្វីខ្លួន ដែលទំនងជានាងក៏ចង់ពញ្ញាក់ស្មារតីបុរសជាប្ដីទូទៅផងដែរ ឲ្យគិតគួរពីសុខភាពរបស់ខ្លួន និងសុភមង្គលគ្រួសារ។
សូមរំលឹកថា អតីតតារាកំប្លែងលោក សែ ភិន ហៅនាយ ចយ បានរៀបការជាមួយភរិយាគឺអ្នកនាង ក្វាន់ឌី កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។ មង្គលការនោះត្រូវបានរៀបចំយ៉ាងអធិកអធមនៅវិមានពិភពថ្មីសែនសុខ ដោយមានការចូលរួមយ៉ាងកុះករក្នុងនោះក៏មានអ្នកសិល្បករសិល្បការិនីល្បីចូលរួមជាច្រើន ។ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់នៅបន្ទាប់ពីរៀបការជាង១ឆ្នាំ ។
ជាមួយគ្នានោះ ក៏លេចលឺនូវពាក្យពោលសរសើរចំពោះតារាកំប្លែងនាយ ចយ ដែលមាននារីដ៏ស្រស់ស្អាតម្នាក់យល់ព្រមទទួលធ្វើជាស្វាមីដោយមិនគិតពីរូបសម្រស់ឡើយ។
ក្រោយរៀបការមានគ្រួសារប្រពន្ធកូន លោក សែ ភិន ហៅនាយ ចយ មិនដែលធ្លាប់លេចឮ ឬធ្លាយអាស្រូវគ្រួសារដូចជាសិល្បករមួយចំនួនឡើយ ។ បើទោះជាយ៉ាងណាលោកត្រូវបានគេសង្កេតឃើញថា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈបន្តិចម្ដងៗ ខណៈប៉ុន្មានឆ្នាំចុងក្រោយគេពុំសូវប្រទះឃើញលោកសម្ដែង ឬឡើងឆាកទូរទស្សន៍ទៀតនោះឡើយ ដោយបច្ចុប្បន្នអតីតតារាកំប្លែងរូបនេះកំពុងធ្វើជំនួញដោយខ្លួនឯង។