អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈដែលតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានប្រកាសថា អាចជាឱកាសចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ។
លោក ម៉ា ច័ន្ទបញ្ញា បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានការគាំទ្រ និងការគោរពស្រលាញ់ជាខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់មិនថា ក្មេងចាស់ប្រុសស្រីឡើយ ។ អ្នកគាំទ្រក៏កំពុងរង់ចាំការវិលត្រឡប់ជាថ្មីរបស់លោកផងដែរ ប៉ុន្តែហាក់ស្រងាកចិត្តបន្តិច ខណៈដែលលោក បានព្រលយពាក្យមួយឃ្លាទំនងជាចងចាកចេញពីឆាកតន្រ្តី។
បើយោងតាមសំណេររបស់លោកដែលបង្ហោះលើបណ្ដាញសង្គមមានខ្លឹមសារថា «ការចូលឆាកសិល្បៈម្ដងនេះ ប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាស់អៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើនផងដែរ»។
បុរសសង្ហាររូបនេះបានបញ្ជាក់ថា ការវិលត្រឡប់នេះ ព្រោះតែនៅនឹកសំឡេងគាំទ្ររបស់លោកគ្រប់ៗគ្នា នឹងនឹកពាក្យសន្យាក្នុងចិត្ត ដែលបានសន្យាចំពោះលោកតាទូត ដែលបានធ្វើមរណកាលទៅហើយថានឹងនាំកិត្តិយសបន្ថែមទៀតចូលក្នុងគ្រួសារ ទោះបីជាលោកតា លោកយាយ របស់លោកលែងនៅទីនេះ មើលលោកនៅក្នុងវិស័យសិល្បៈទៀតក៏ដោយ។
តារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា ក៏បានប្រកាសថា ខ្លួនលោកផ្ទាល់ធ្លាប់ចង់បោះបង់ការងារជាអ្នកសិល្បៈជាច្រើនដងមកហើយ។ ប៉ុន្តែខ្លួនលោកមិនអាចកាត់និស្ស័យពីវិថីនេះបានឡើយ ព្រោះវាជាជីវិតលោក។
ការប្រកាសចូលខ្លួនសារជាថ្មីក្នុងវិថីសិល្បៈរបស់តារាចម្រៀងប្រុសលោក ម៉ា ច័ន្ទបញ្ញា គឺនៅក្នុងកម្មវិធី I am A Singer ព្រមទាំងបានធ្វើឲ្យអ្នកគាំទ្រទាំងឡាយសម្ដែងក្ដីរំភើបសប្បាយរីករាយ និងទទួលបានការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងជំរុញទឹកចិត្តឲ្យលោកបន្តការតស៊ូលើវិថីមួយនេះ កុំអោយបោះបង់ ព្រោះរូបលោកមានសមត្ថភាពទេពកោសល្យសិល្បៈទាំងការច្រៀង និងតែងនិពន្ធ ដែលពិបាកនឹងរកធនធានដូច្នេះ។ ចំណែកអ្នកគាំទ្រខ្លះទៀត គ្រាន់តែសម្ដែងការអបអរសាទរចំពោះការវិលត្រឡប់របស់លោក។
សូមបញ្ជាក់ថា លោក ម៉ា ច័ន្ទបញ្ញា ជាអ្នកនិពន្ធវ័យក្មេងរបស់កម្ពុជាមួយរួបដែលធ្លាប់បានជាប់ពានរង្វាន់«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥» នៅប្រទេសថៃតាមរយៈរឿងដែលមានចំណងជើងថា «អាណាចក្រចង្រិត»។ គណៈកម្មាធិការអ្នកនិពន្ធអាស៊ាននៅក្រុងបាងកក ជាអ្នករៀបចំពានរង្វាន់ The ASEAN Young Writer awards 2015 និងប្រគល់ពានរង្វាន ដោយអភិបាលក្រុងបាងកក។យុវជនកម្ពុជា ម៉ា ច័ន្ទបញ្ញា ក៏ធ្លាប់បានក្លាយជាជយលាភីក្នុងកម្មវិធី Fashion Asia Award 2014 នៅប្រទេសចិនផងដែរក្រោយការឆ្លងប្រលងជាច្រើនប្រទេសរួចមក៕